ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី បានធ្វើរបាយការណ៍របស់ប៉ូលីសមួយ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញTwitter សម្តែងការព្រួយបារម្ភថា វីដេអូដែលថតបានពីកាមេរ៉ាលាក់ទុក នៅក្នុងបន្ទប់សាកសំលៀកបំពាក់ នៅហាងH&M ត្រូវបានដាក់លក់តាមអ៉ីនធឺណិត។
ក្រុមហ៊ុននេះបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ LifestyleTech ថា“ សុវត្ថិភាពរបស់អតិថិជន គឺមានសារៈសំខាន់បំផុតសម្រាប់យើង ហើយរបាយការណ៍របស់ប៉ូលីសត្រូវបានធ្វើឡើង ហើយការស៊ើបអង្កេតកំពុងបន្ត”។

ប្រភពពីក្រុមហ៊ុនបានបន្តថា “យើងបានធ្វើការត្រួតពិនិត្យបន្ទប់សាកសម្លៀកបំពាក់ទាំងអស់ ហើយយើងកំពុងធ្វើការ ដើម្បីធានាថាមិនមានការរំលោភលើសុវត្ថិភាព ដែលនឹងធ្វើឱ្យខូចដល់ភាពឯកជន របស់អតិថិជនរបស់យើងនោះឡើយ”។
H&M គឺជាក្រុមហ៊ុនសម្លៀកល្បីល្បាញ ដែលលក់បំពាក់ចម្រុះជាតិសាសន៍ ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងមានជំនាញខាងសំលៀកបំពាក់ទាន់សម័យ សម្រាប់ បុរស ស្ត្រី ក្មេងជំទង់ និងកុមារ។
ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានលក់វីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសម៉ាឡេស៊ី តាមអ៉ីនធឺណិត ដោយអ្នកលក់អះអាងថា មានការថតរឿងគូស្នេហ៍ និងបុគ្គលនៅក្នុងបន្ទប់សាកសំលៀកបំពាក់។
បញ្ហានេះត្រូវបានគូសបញ្ជាក់ជាលើកដំបូង ដោយអ្នកប្រើប្រាស់ ឈ្មោះ @meleisgw នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី០៨ ខែមករា ប៉ុន្តែនាងបានលុបការបង្ហោះចាប់តាំងពីពេលនោះមក៕







