ក្រុមហ៊ុន PTTEP គ្រោងលក់តំបន់ឧស្ម័ននៅអូស្ត្រាលី ដើម្បីបង្វែរការវិនិយោគមកតំបន់អាស៊ីនិងមជ្ឈិមបូព៌ា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រេង PTT Exploration and Production Plc (PTTEP) គ្រោងវិនិយោគលើទីតាំងប្រេងថ្មី ជាមួយនឹងផែនការចុងក្រោយបំផុត ក្នុងការលក់តំបន់ឧស្ម័ន Cash Maple ក្នុងប្រទេសអូស្ត្រាលី។

ចំណាត់ការនេះនឹងធ្វើឱ្យក្រុមហ៊ុន PTTEP នៅសេសសល់អាជីវកម្មប្រេងឥន្ធនៈតូចៗមួយចំនួននៅក្នុងប្រទេសអូស្ត្រាលី។

លោក Montri Rawanchaikul នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTTEP បានមានប្រសាសន៍ថា “ក្រុមហ៊ុនរំពឹងថានឹងលក់ទ្រព្យសកម្មនេះនៅឆ្នាំ២០២៣ បន្ទាប់ពីបានប្រកាសកាលពីប៉ុន្មានឆ្នាំមុន”។

តំបន់ឧស្ម័ន Cash Maple ស្ថិតនៅចម្ងាយ៦៨០គីឡូម៉ែត្រភាគខាងលិចទីក្រុង Darwin ក្នុងសមុទ្រ Timor និងមានធនធានប្រេងប្រមាណ៣,៥ពាន់ពាន់លានហ្វីតគូប។

លោក Montri បានមានប្រសាសន៍បន្តថា “តំបន់នេះនៅឆ្ងាយពេក ហើយតម្លៃផលិតកម្មនឹងហក់ឡើងខ្ពស់ ដោយសារការសាងសង់បំពង់បង្ហូរឧស្ម័ន។ ប្រសិនបើ​យើង​ងាក​មក​ផលិត​ឧស្ម័ន​ធម្មជាតិ​រាវ អាជីវកម្ម​នឹង​មិន​អាច​ដំណើរការ​បាន​ទេ​ ព្រោះ​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ខ្ពស់​ពេក”។

ការលក់តំបន់ឧស្ម័ន Cash  Maple គឺស្របតាមផែនការរបស់ក្រុមហ៊ុន PTTEP ដើម្បីដឹកនាំការវិនិយោគរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុង​ឆ្នាំ២០១៨ ក្រុមហ៊ុន​បាន​លក់​តំបន់​ប្រេង Montara ក្នុង​ប្រទេស​អូស្ត្រាលី​ទៅ​ឱ្យក្រុមហ៊ុន Jadestone Energy (Eagle) Pty។ នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត ក្រុមហ៊ុន PTTEP បានសម្រេចចិត្តពន្យារពេលការអភិវឌ្ឍន៍គម្រោងរួមបញ្ចូលគ្នា រវាងឧស្ម័នទៅថាមពល ដើម្បីបង្កើតអគ្គិសនីនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ក្រុមហ៊ុន PTTEP គ្រោងនឹងបន្តការផលិតឧស្ម័ន ដែលមានស្រាប់ នៅក្នុងប្រទេសនេះ ទោះបីជាបណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here