សហរដ្ឋអាមេរិកចោទថា ក្រុមហ៊ុនចិនមួយចំនួនកំពុងជួយដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន

0

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោនៈ យោងតាមប្រភពដែលដឹងអំពីបញ្ហាបានឱ្យដឹង កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ថា សហរដ្ឋអាមេរិកបានកំណត់ថា ក្រុមហ៊ុនចិនមួយចំនួនកំពុងផ្តល់ជំនួយ ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយក្រុមមន្ត្រីកំពុងកត់សម្គាល់ ពីការព្រួយបារម្ភរបស់ពួកគេចំពោះរដ្ឋាភិបាលចិន។

យោងតាមប្រភព​ដែល​បានទម្លាយ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹងថា ​“អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​ គឺ​ជំនួយ​ផ្នែកយោធា​ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត និង​ជំនួយ​សេដ្ឋកិច្ច​”។

ប្រភពនោះមិនបានបញ្ជាក់លម្អិតទេ ហើយសារពត៌មានReuters ក៏មិនអាចផ្ទៀងផ្ទាត់បញ្ហានេះ ដោយឯករាជ្យបាននោះដែរ។

សហរដ្ឋអាមេរិក​ធ្លាប់បាន​ព្រមាន​រដ្ឋាភិបាល​ចិន ​អំពី​ផលវិបាក​ ប្រសិ​នបើ​ចិន ​ផ្តល់​អាវុធ​ដល់​រុស្ស៊ី ​សម្រាប់​ប្រើប្រាស់​ប្រឆាំងនឹង​អ៊ុយក្រែន។

ប្រភព​ដដែល​បាន​បន្ត​ថា “វា​មិន​ច្បាស់​ថា​តើ​រដ្ឋាភិបាល​ចិន ​បាន​ដឹង​ពី​សកម្មភាព​នេះ​ឬ​យ៉ាង​ណា​ទេ ហើយមន្ត្រី​អាមេរិក​កំពុង​ទាក់​ទង ​ទៅ​អាជ្ញាធរ​ចិន ​តាម​រយៈ​បណ្តាញ​ការទូតផងដែរ”។

អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Karine Jean-Pierre បានមានប្រសាសន៍ថា “យើងនឹងបន្តទំនាក់ទំនង ទៅកាន់ប្រទេសចិនអំពីផលប៉ះពាល់ នៃការផ្តល់ជំនួយជាសម្ភារៈ ដល់សង្រ្គាមរបស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន”។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានមានប្រសាសន៍ថា “ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីភាពច្បាស់លាស់ជាមួយប្រទេសចិន អំពីផលប៉ះពាល់នៃការផ្តល់សម្ភារៈ ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទោះបីជាលោកបានបដិសេធ មិនបញ្ជាក់របាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះក្តី”។

លោក Ned Price បានបន្ថែមថា “នេះអាចជាអ្វី ដែលនឹងត្រូវលើកយកមកពិភាក្សាគ្នា នៅប៉ុន្មានថ្ងៃខាងមុខ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken មានឱកាសធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here