ដោយៈ ម៉ាលីនណា
ភ្នំពេញៈ គ្រឹញស្ថានធនាគារកម្ពុជាមានធនាគារពាណិជ្ជ៦០ ធនាគារឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើរចំនួន៨២។
ស្ថាប័នហិរញ្ញវត្ថុទាំងនេះបាន និងកំពុងរួមចំណែកយយ៉ាងសំខាន់ ក្នុងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះនេះបើតាមការឱ្យដឹងរបស់លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជានៅក្នុងសន្និសីទសារពត៌មានស្តីពី “ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតប ទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ” នាព្រឹកថ្ងៃទី៧ខែកុម្ភៈ។
-->

លោករ័ត្ន សោភ័ណ បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ានស្មានថាងើបឡើងវិញក្នុងអត្រា៥,១%។អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក ត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់៤.១០២រៀល ក្នុង១ដុល្លារអាមេរិកហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។
លោកបញ្ជាក់ថា ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច (Real Sector) ជាមួយកំណើន២១% ប្រមាណ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជន កើនពី ១២,៧លាន ដល់១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លាន ដល់៣,៧លានគណនី។
ដោយឡែកបើសិនជាគិត តែគ្រឹះស្ថានធនាគារតែឯង ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច មានកំណើន ១៩% ប្រមាណជា ៤៦ប៊ីលានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២២, ប្រាក់បញ្ញើអតិថិជនកើនជិត១០% ឬប្រមាណ៣៨ប៊ីលានដុល្លារអាមេរិក៕
