កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម ថ្នាក់ជាតិ​ថ្មី ចំនួន ២ បន្ថែមទៀត

0

ជាការ​ពង្រឹង​ស្តង់ដា​គុណភាព​ផលិតផល​ទំនិញ គឺជា​កា​រត​ព្វ​កិច្ច របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ ដែល​តម្រូវឱ្យ​ផលិតផល​ខ្មែរ ហក់​រំលង​ឱ្យបាន​នូវ​របាំង​បច្ចេកទេស ។ ដើម្បី​សម្រេចបាន​គោលដៅ ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ផលិតផល​កម្ពុជា ទៅលើ​ទីផ្សារ​ក្នុង​តំបន់ ក៏ដូចជា​បណ្តា​ប្រទេស​នានា លើ​ពិភពលោក រាជរដ្ឋាភិបាល​សម្រេច​សាងសង់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម​ថ្នាក់ជាតិ​ថ្មី ចំនួន២អគារ ដែលមាន​លក្ខណៈ​ទំនើប​ជាង​មុន នឹង​ផ្តល់​លទ្ធភាព​ខ្ពស់ជាង​មុន ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ឱ្យដឹង​នៅ ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ នា​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី១៥ខែមករា​នេះ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​តម្លៃ​ដល់​ការងារ​អភិវឌ្ឍន៍ ស្តង់ដា បាន​គាំទ្រ​ដល់​ដំណើរការ​សាងសង់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម​ថ្នាក់ជាតិ ដើម្បី​លើកកម្ពស់ គុណភាព និង​សក្ដានុភាព​ផលិតផល​កម្ពុជា ។

អគារ​ពិសោធន៍​នេះ អាច​ចំណាយ​លើ​ការសាងសង់​ប្រមាណ​ជា៨លាន​ដុល្លារ​អាមេរិក និង​នៅមាន​ឧបករណ៍​ពិសោធន៍​ជាច្រើន​ទៀត ដែល​ត្រូវ​បំពាក់ ដើម្បី​បម្រើឱ្យ​សេវា​ក្នុងការ​ពង្រឹងគុណភាព​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស។ អគារ​នេះ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០១៩នេះ នៅលើ​ទឹកសង្កាត់​ចក្រ​អង្រែ រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ លោក​ក៏បាន​ស្នើសុំ​ឱ្យជួយ​ផ្តល់​ប​ន្ថែ​ម នូវ​ធនធានមនុស្ស និង​ឧបករណ៍​សម្ភារៈ​បច្ចេក​ទេស​ដល់​មជ្ឈមណ្ឌល​ពិសោធន៍​ឧស្សាហកម្ម​មួយ​នេះ។

ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នាពេល​កន្លងមក និង​បានចាត់ទុក​វិស័យ​ឧស្សាហកម្ម ជា​កម្លាំងចលករ​មួយ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកបដោយ​បរិ​ប័ន្ន និង​ភាព​ធន់។

ការអភិវឌ្ឍន៍​វិស័យនេះ ជា​ឧបករណ៍​គោលនយោបាយ ប្រុក​ប​ដោយ​ប្រសិទ្ធភាព សម្រាប់​ការតភ្ជាប់​រវាង​វិស័យសេដ្ឋកិច្ច សំខាន់ៗ ដែលជា ឃ្នា​ស់ ជំរុញ​កំណើន និង​បង្កើត​ការងារ​បន្ថែម ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ និង​សេវាកម្ម  ព្រមទាំង​រួមចំណែក រំដោះ​អតិរេក​ពលកម្ម ពី​វិស័យ​កសិកម្ម ដែល​ធ្វើឱ្យ​ផលិតភាព​សរុប​កើនឡើង និង​មាន​ចំណូល​ខ្ពស់ជាង​មុន។

លោក​បាន​បញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាល​បានផ្តល់​អទិភាព​ខ្ពស់ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា ដោយបាន​ដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ សំដៅ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង ការលើកកម្ពស់​ផលិតភាព និង​ការលើកស្ទួយ​ផលិតកម្ម​ក្នុងស្រុក។

នៅក្នុង​នោះ ក្នុងនាម​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយ​គាំទ្រ និង​លើកទឹកចិត្ត​ជម្រុញ​ដល់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើកកម្ពស់​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ ជាមួយ​ក្រសួង ស្ថាប័ន និង​ដៃគូរ​ពាក់ព័ន្ធ​នានា ក្នុង​បុព្វហេតុ​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here