ដោយៈ សុខុម
ភ្នំពេញ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទ្វេរភាគីផ្សេងៗទៀតនឹងជួយឱ្យកម្ពុជា និងតំបន់ងើបឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ កាន់តែឆាប់រហ័ស។
លោកទាន សំណាង ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មានប្រសាសន៍កាលពីថ្ងៃពុធ ទី១៧ខែឧសភា ថា កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ខ្លួន ចំពោះការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CSKFTA)។
លោកបានលើកឡើង តាមរយៈព្រឹត្តិបត្ររបស់វិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI) ថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងធ្វើឱ្យតំបន់ និងជាពិសេសប្រទេសកម្ពុជា ងើបឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ កាន់តែឆាប់រហ័ស។
លោកទាន សំណាង បានគូសបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានចាប់ផ្តើមសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញយ៉ាងពេញលេញ និងយ៉ាងឆាប់រហ័ស ហើយថាការឆ្លើយតបយ៉ាងរហ័ស ហ្មត់ចត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅនឹងវិបត្តិកូវីដ-១៩ បានជួយរក្សាស្ថិរភាពនៃផលិតកម្ម ការបន្តសកម្មភាពអាជីវកម្ម និងការការពារអ្នកដែលរងផលប៉ះពាល់។
ជាមួយគ្នានេះលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា បញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៨ និងសម្រេចគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ក្នុងទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីខែមុនថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសសមាជិក RCEP ចំនួន៣ដែលទទួលបានកំណើន សេដ្ឋកិច្ចរឹងមាំបំផុតក្នុងឆ្នាំ២០២៣ រួមជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។
ស្ថាប័ន IMF និយាយថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ស្មើគ្នាជាមួយនឹងប្រទេសវៀតណាម ដោយសេដ្ឋកិច្ចទាំង២នេះត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៨%នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើន៦%។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គ្របដណ្ដប់លើប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់៕ Xinhua៕