ដោយៈ សុខុម
គូឡាឡាំពួ: នៅទីបំផុតអគារ Merdeka 118 Tower ដែលខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ របស់ពិភពលោកដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសា អស់រយ:ពេលជាយូរ គ្រោងបើកដំណើរការ នៅពាក់កណ្ដាលឆ្នាំ២០២៣ នេះហើយ។
បុគ្គលសំខាន់ៗ ដែលស្ថិតនៅពីក្រោយក្រុមហ៊ុនបណ្ដាក់ទុន PNB Merdeka Ventures Sbn. Berhad រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោកYM Tengko Dato’ Abdul Aziz bin Tengku Mahmud កាលពីពេលថ្មីៗនេះ បានទៅកាន់ទីស្នាក់ការកណ្ដាលនៃសមាគមអ្នកសាងសង់ម៉ាឡេស៊ី ដើម្បីផ្ដល់បច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងផែនការបញ្ចប់ការសាងសង់អគារ Merdeka 118 Tower។
-->

សមាគមអ្នកសាងសង់ម៉ាឡេស៊ី បានលើកឡើងតាមរយ:ផុសលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុម PND Merdeka Ventures Sdn. Berhad ជាពិសេសលោកនាយកប្រតិបត្តិ របស់ក្រុមហ៊ុមនេះ សម្រាប់ការធ្វើបទបង្ហាញយ៉ាងល្អ នូវគម្រោងអគារ Merdeka 118 Tower”។

យោងតាមសារព័ត៌មាន The Beat Asia ចុះផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឱ្យដឹងថា អគារយក្សដែលនឹងក្លាយជាអគារខ្ពស់បំផុតទី២ របស់ពិភពលោកនេះ កំពុងតែពន្លឿនការសាងសង់ ដើម្បីឱ្យបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២៣។
នៅពេលសាងសង់បញ្ចប់ជាស្ថាពរ អគារMerdeka 118 Tower នឹងក្លាយជាអគារខ្ពស់បំផុត នៅក្មុងប្រទេសម៉ាឡេស៊ី ជាមួយនឹងកម្ពស់៦៧៨,៩ម៉ែត្រ។

អគារនេះនឹងមានការិយាល័យកម្រិតA ហើយ១៧ជាន់នៃជាន់កំពូល នឹងកាន់កាប់ដោយសណ្ឋាគារប្រណីត Park Hyatt Hotel ដំបូងដែលមានតែមួយគត់នៅម៉ាឡេស៊ី៕ The Beat Asia៕