ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមលោក Nopasit Chakpitak ប្រធានក្រុមហ៊ុន Aeronautical Radio of Thailand (Aerothai) Co Ltd បានឱ្យដឹងថា ចំនួនជើងហោះហើររវាងប្រទេសចិន និងថៃនៅតែបន្តកើនឡើង ប៉ុន្តែនៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។
លោក Nopasit បានមានប្រសាសន៍ថា ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣នេះ ជើងហោះហើរសរុបចំនួន១២.៨០៥ ត្រូវបានដំណើរការរវាងប្រទេសទាំងពីរ ដែលតំណាងឱ្យការកើនឡើង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
លោកបានបន្តថា និន្នាការកើនឡើងត្រូវបានគេរំពឹងថា នឹងកើតមាន ខណៈដែលកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងធានាឱ្យមានប្រតិបត្តិការដោយរលូន។

លោកបានវាយតម្លៃថា ការកើនឡើងនៃចំនួនជើងហោះហើរនេះជំរុញមកពីគោលនយោបាយបើកទ្វារឡើងវិញដំបូងរបស់ប្រទេសចិន ដែលបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនដំណើរការជើងហោះហើរបន្ថែម និងបង្កើនប្រេកង់ហោះហើរ។
នៅក្នុងខែមករា ជើងហោះហើរមកពីប្រទេសចិនមានចំនួន១.០៦៣ជើង ហើយនៅក្នុងខែកុម្ភៈមាន១.៧៤៧ជើង រីឯនៅក្នុងខែមីនាមាន៣.០៨២ជើង និងមាន៤.២៤០ជើងនៅក្នុងខែមេសា។
ជើងហោះហើរមកពីប្រទេសចិនក្នុងខែឧសភានេះត្រូវបានគេរំពឹងទុកថា នឹងអាចកើនឡើងដល់៥.៣៣០ជើង បន្ទាប់មកប្រទេសថៃនឹងទទួលបានជើងហោះហើរចំនួន៦.០៩០ជើងនៅក្នុងខែមិថុនា ជើងហោះហើរចំនួន៧.១៥០ជើងក្នុងខែកក្កដា ជើងហោះហើរចំនួន ៧.៤៦០ជើងនៅក្នុងខែសីហា និងជើងហោះហើរចំនួន៧.៣៤០ជើងនៅក្នុងខែកញ្ញា។