ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្រាប់អ្នកជំនាញផ្នែកទីផ្សារ ជនជាតិអាល្លឺម៉ង់ម្នាក់ ដូចជាលោក Benedikt Becker ការរស់នៅ និងធ្វើការក្នុងប្រទេសសិង្ហបុរីតែងតែជាក្តីសុបិន។
ក្នុងតម្លៃទឹកប្រាក់២.៨០០ដុល្លារសិង្ហបុរី(២.០៧២ដុល្លារអាមេរិក) ក្នុងមួយខែ ជនជាតិអាល្លឺម៉ង់រូបនេះ បានជួលអាផាតម៉ិនខុនដូមួយ ដែលមានបន្ទប់គេងចំនួនមួយ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យលោកអាចដើរលំហែរ ជារៀងរាល់ថ្ងៃនៅឆ្នេរសមុទ្រ។
ប៉ុន្តែ ស្របពេលដែលតម្លៃនៃការរស់នៅ ហក់ឡើងកាន់តែខ្ពស់ លោក Becker បានចាប់ផ្តើមគិតឡើងវិញអំពីស្ថានភាពរបស់គាត់។ លោកបានកត់សម្គាល់ឃើញថា សេវាកម្មGrab ជិះទៅការិយាល័យមានតម្លៃចន្លោះពី២២ ទៅ២៥ ដុល្លារសិង្ហបុរី (១៦ ទៅ ១៨ដុល្លារ) កើនឡើងពី១២ ទៅ១៤ ដុល្លារសិង្ហបុរី (៩ ដុល្លារទៅ១០ដុល្លារ) នៅពេលគាត់បានមកដល់ដំបូង។ លើសពីនេះ មិត្តភ័ក្តិជាច្រើនរបស់គាត់បានចាប់ផ្ដើមរាយការណ៍ថា ម្ចាស់ផ្ទះរបស់ពួកគេកំពុងដំឡើងថ្លៃជួលពី២០ទៅ៣០ភាគរយ។យោងតាមក្រុមហ៊ុនអចលនទ្រព្យសកល Savills បានឱ្យដឹងថា នៅក្នុងទីផ្សារលំនៅឋានសំខាន់ របស់ប្រទេសសិង្ហបុរី តម្លៃជួលកើនឡើងជាង២៦ភាគរយ ក្នុងឆ្នាំ២០២២ ពោលគឺកើនជាងទ្វេរដងនៃអត្រាកំណើននៅទីក្រុងឡុងដ៍ ស៊ីដនី និងញូវយ៉ក។
នៅក្នុងខែមករា រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធ លើទំនិញ និងសេវាកម្ម(GST) ពី១រហូតដល់៨ភាគរយ មុនពេលដំឡើងតាមការគ្រោងទុក រហូតដល់៩ភាគរយនៅឆ្នាំ២០២៤ខាងមុខ។
កាលពីឆ្នាំមុន លោក Becker ដែលមានវ័យ៣៣ឆ្នាំ បានសម្រេចចិត្តផ្លាស់ទៅរដ្ឋធានី Kuala Lumpur របស់ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការពីចម្ងាយ សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យា Start-up របស់អាល្លឺម៉ង់ក្នុងគោលបំណង ពង្រីកខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ឥឡូវនេះ លោកបានជួលបន្ទប់មួយ ក្រោមកិច្ចព្រមព្រៀងតម្លៃ៨០០ដុល្លារសិង្ហបុរី (៥៩២ដុល្លារអាមេរិក) ក្នុងមួយខែ បញ្ជាទិញអាហារតាមសេវាកម្ម GrabFood ភាគច្រើនក្នុងតម្លៃប្រហែល៣០រីងហ្គីតម៉ាឡេស៊ី(៦,៥៥ដុល្លារ) និងធ្វើការពីកន្លែងធ្វើការរួមគ្នាផ្សេងៗ។
លោក Becker បានប្រាប់កាសែត Al Jazeera ថា “មានពាក្យថា ប្រសិនបើអ្នកមិនចូលចិត្តច្បាប់ច្រើន អ្នកត្រូវតែផ្លាស់ប្តូរហ្គេម… ដូច្នេះការផ្លាស់ប្តូររបស់ខ្ញុំពីសិង្ហបុរី ទៅម៉ាឡេស៊ីគឺជាវិធីរបស់ខ្ញុំ ក្នុងការផ្លាស់ប្តូរហ្គេម ដើម្បីរក្សាការចំណាយ លើការរស់នៅឱ្យនៅកម្រិតទាប”។
សម្រាប់ពេលនេះ អាទិភាពរបស់លោក Becker ក្រៅពីការសន្សំប្រាក់ គឺការទទួលបានបទពិសោធន៍ នៅទីក្រុងនៅតំបន់អាស៊ីផ្សេងៗទៀត ដូចជាទីក្រុងបាងកក ឬហូជីមិញជាដើម។
លោក Becker ក៏ស្ថិតក្នុងចំណោមក្រុមជនបរទេសជាច្រើន ដែលបានសម្រុកចាកចេញ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗ ដែលមានតំលៃរស់នៅថោកផងដែរ ដោយសារថ្លៃរស់នៅ និងថ្លៃជួលនៅសិង្ហបុរីកំពុងកើនឡើងខ្លាំង។
ទោះជាមិនទាន់មានទិន្នន័យផ្លូវការស្តីពី ចំនួនពលករបរទេស ដែលបានចាកចេញ ពីប្រទេសសិង្ហបុរីយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុនពហុជាតិជាច្រើន កំពុងសម្លឹងមើលកាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរបុគ្គលិកចេញពីទីក្រុងសិង្ហបុរី ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពួកគេ៕