ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្រាប់អ្នកជំនាញផ្នែកទីផ្សារ ជនជាតិអាល្លឺម៉ង់ម្នាក់ ដូចជាលោក Benedikt Becker ការរស់នៅ និងធ្វើការក្នុងប្រទេសសិង្ហបុរីតែងតែជាក្តីសុបិន។
ក្នុងតម្លៃទឹកប្រាក់២.៨០០ដុល្លារសិង្ហបុរី(២.០៧២ដុល្លារអាមេរិក) ក្នុងមួយខែ ជនជាតិអាល្លឺម៉ង់រូបនេះ បានជួលអាផាតម៉ិនខុនដូមួយ ដែលមានបន្ទប់គេងចំនួនមួយ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យលោកអាចដើរលំហែរ ជារៀងរាល់ថ្ងៃនៅឆ្នេរសមុទ្រ។
-->
ប៉ុន្តែ ស្របពេលដែលតម្លៃនៃការរស់នៅ ហក់ឡើងកាន់តែខ្ពស់ លោក Becker បានចាប់ផ្តើមគិតឡើងវិញអំពីស្ថានភាពរបស់គាត់។ លោកបានកត់សម្គាល់ឃើញថា សេវាកម្មGrab ជិះទៅការិយាល័យមានតម្លៃចន្លោះពី២២ ទៅ២៥ ដុល្លារសិង្ហបុរី (១៦ ទៅ ១៨ដុល្លារ) កើនឡើងពី១២ ទៅ១៤ ដុល្លារសិង្ហបុរី (៩ ដុល្លារទៅ១០ដុល្លារ) នៅពេលគាត់បានមកដល់ដំបូង។ លើសពីនេះ មិត្តភ័ក្តិជាច្រើនរបស់គាត់បានចាប់ផ្ដើមរាយការណ៍ថា ម្ចាស់ផ្ទះរបស់ពួកគេកំពុងដំឡើងថ្លៃជួលពី២០ទៅ៣០ភាគរយ។
យោងតាមក្រុមហ៊ុនអចលនទ្រព្យសកល Savills បានឱ្យដឹងថា នៅក្នុងទីផ្សារលំនៅឋានសំខាន់ របស់ប្រទេសសិង្ហបុរី តម្លៃជួលកើនឡើងជាង២៦ភាគរយ ក្នុងឆ្នាំ២០២២ ពោលគឺកើនជាងទ្វេរដងនៃអត្រាកំណើននៅទីក្រុងឡុងដ៍ ស៊ីដនី និងញូវយ៉ក។
នៅក្នុងខែមករា រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធ លើទំនិញ និងសេវាកម្ម(GST) ពី១រហូតដល់៨ភាគរយ មុនពេលដំឡើងតាមការគ្រោងទុក រហូតដល់៩ភាគរយនៅឆ្នាំ២០២៤ខាងមុខ។
កាលពីឆ្នាំមុន លោក Becker ដែលមានវ័យ៣៣ឆ្នាំ បានសម្រេចចិត្តផ្លាស់ទៅរដ្ឋធានី Kuala Lumpur របស់ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការពីចម្ងាយ សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យា Start-up របស់អាល្លឺម៉ង់ក្នុងគោលបំណង ពង្រីកខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍។
ឥឡូវនេះ លោកបានជួលបន្ទប់មួយ ក្រោមកិច្ចព្រមព្រៀងតម្លៃ៨០០ដុល្លារសិង្ហបុរី (៥៩២ដុល្លារអាមេរិក) ក្នុងមួយខែ បញ្ជាទិញអាហារតាមសេវាកម្ម GrabFood ភាគច្រើនក្នុងតម្លៃប្រហែល៣០រីងហ្គីតម៉ាឡេស៊ី(៦,៥៥ដុល្លារ) និងធ្វើការពីកន្លែងធ្វើការរួមគ្នាផ្សេងៗ។
លោក Becker បានប្រាប់កាសែត Al Jazeera ថា “មានពាក្យថា ប្រសិនបើអ្នកមិនចូលចិត្តច្បាប់ច្រើន អ្នកត្រូវតែផ្លាស់ប្តូរហ្គេម… ដូច្នេះការផ្លាស់ប្តូររបស់ខ្ញុំពីសិង្ហបុរី ទៅម៉ាឡេស៊ីគឺជាវិធីរបស់ខ្ញុំ ក្នុងការផ្លាស់ប្តូរហ្គេម ដើម្បីរក្សាការចំណាយ លើការរស់នៅឱ្យនៅកម្រិតទាប”។
សម្រាប់ពេលនេះ អាទិភាពរបស់លោក Becker ក្រៅពីការសន្សំប្រាក់ គឺការទទួលបានបទពិសោធន៍ នៅទីក្រុងនៅតំបន់អាស៊ីផ្សេងៗទៀត ដូចជាទីក្រុងបាងកក ឬហូជីមិញជាដើម។
លោក Becker ក៏ស្ថិតក្នុងចំណោមក្រុមជនបរទេសជាច្រើន ដែលបានសម្រុកចាកចេញ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗ ដែលមានតំលៃរស់នៅថោកផងដែរ ដោយសារថ្លៃរស់នៅ និងថ្លៃជួលនៅសិង្ហបុរីកំពុងកើនឡើងខ្លាំង។
ទោះជាមិនទាន់មានទិន្នន័យផ្លូវការស្តីពី ចំនួនពលករបរទេស ដែលបានចាកចេញ ពីប្រទេសសិង្ហបុរីយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុនពហុជាតិជាច្រើន កំពុងសម្លឹងមើលកាន់តែខ្លាំងឡើង ដើម្បីផ្លាស់ប្តូរបុគ្គលិកចេញពីទីក្រុងសិង្ហបុរី ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពួកគេ៕