មហាយក្សចិនអាចនឹងបញ្ចុះអត្រាការប្រាក់បន្ថែមនៅឆមាសទី២ ឆ្នាំនេះដើម្បីជំរុញសេដ្ឋកិច្ច

0

ដោយៈ សុខុម

អន្តរជាតិ: ប្រទេសចិន ទំនងជានឹងកាត់បន្ថយអនុបាតប្រាក់បម្រុង និងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ នេះបើយោងតាមកាសែត China Securities Journal ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា។

ក្រុមទីប្រឹក្សាគោលនយោបាយ និងអ្នកជំនាញសេដ្ឋកិច្ចឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ប៉ុន្តែបានធ្លាក់ចុះសន្ទុះនៅដើមត្រីមាសទី២។ សេដ្ឋកិច្ចចិន ពេលនេះកំពុងប្រឈមមុខ នឹងអត្រាគ្មានការងារធ្វើខ្ពស់ ទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការកើនឡើងកម្ដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។លោក Zhang Ming អ្នកសិក្សាស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (Chinese Academy of Social Sciences) បានប្រាប់កាសែតរដ្ឋខាងលើនេះថា សម្ពាធអតិផរណាទាបក្នុងប្រទេសចិន នឹងផ្តល់ឱកាសសម្រាប់ការបន្ធូរបន្ថយរូបិយវត្ថុ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ប្រទេសចិន អាចនឹងពិចា​រណាបញ្ចុះអត្រាការប្រាក់បន្ថែមទៀត និងកំណត់គោលដៅកាត់បន្ថយអនុបាតតម្រូវការប្រាក់បម្រុង (RRR) ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្តល់ប្រាក់កម្ចី។

លោក Li Chao ប្រធានអ្នកជំនាញសេដ្ឋកិច្ច នៅក្រុមហ៊ុនមូលបត្រ Zheshang Securities ក៏រំពឹងដែរថា អាចនឹងមានការបញ្ចុះអត្រាការប្រាក់ និងការកាត់បន្ថយអនុបាត តម្រូវការប្រាក់បម្រុង (RRR) ក្នុងឆមាសទី២ ចុងឆ្នាំនេះ។

លោករំពឹងថា ធនាគារកណ្តាលអាមេរិក (Federal Reserve) អាចនឹងឈានចូលដល់វដ្ត បញ្ចុះអត្រាការប្រាក់ក្នុងត្រីមាសទី៤ ចុងឆ្នាំនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មានឱកាសបន្ថែមទៀតសម្រាប់បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។

ប្រទេសចិន កាលពីខែមីនា ដើមឆ្នាំនេះបានកាត់បន្ថយអនុបាតតម្រូវការប្រាក់បម្រុង (RRR) ជាលើកដំបូងក្នុងឆ្នាំ២០២៣ ប៉ុន្តែបានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន មិនផ្លាស់ប្តូរសម្រាប់ឆ្នាំនេះ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here