ដោយ: គង់ លាងហួរ
វៀងចន្ទន៍ៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឡាវបានឱ្យដឹងថា ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនទំនិញជាង៤លានតោន ចាប់តាំងពីវាត្រូវបានបើកដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ចាប់តាំងពីផ្លូវរថភ្លើងបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២១ រថភ្លើងដឹកទំនិញបានផ្ទុកទំនិញនាំចូល និងនាំចេញចំនួន៤.០៩៧.៣០០តោន។
នៅក្នុងនោះមាន ទំនិញប្រមាណ ៣.៤៥០.០០០ តោនត្រូវបាននាំចេញពីប្រទេសឡាវ ទៅកាន់ចិន និង ៦៥០.៩០០ តោន ត្រូវបាននាំចេញពីចិនទៅកាន់ប្រទេសឡាវ។
ទន្ទឹមនឹងនេះ ប្រតិបត្តិករធុរកិច្ចនានានៅក្នុងប្រទេសឡាវ ថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ក៏កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវនេះដើម្បីដឹកជញ្ជូនទំនិញទៅ និងមកពីប្រទេសចិន និងលើសពីនេះផងដែរ។






