ដោយ: គង់ លាងហួរ
ប៉េកាំងៈ ក្រុមអ្នកវិភាគក្រុមហ៊ុនGoldman Sachs បានលើកឡើងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងប្រឈមមុខ នឹងភាពទន់ខ្សោយជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនឆ្នាំ ដោយបន្ថែមថាបញ្ហារបស់វិស័យនេះ នឹងបន្តអូសទាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានរុញច្រានចូល ទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយ ត្រូវបានបង្កឡើងដោយចំណាត់ការ របស់រដ្ឋាភិបាលដើម្បីទប់ទល់ នឹងបំណុលដែលកំពុងតែកើនឡើង ដោយអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខាន ក្នុងការបង់ប្រាក់ ខណៈដែលពួកគេពិបាកក្នុងការលក់អាផាតម៉ិន និងប្រមូលមូលនិធិ។
ទោះបីជារដ្ឋបាលក្នុងតំបន់ បានដាក់ចេញនូវវិធានការរាប់រយ ដើម្បីគាំទ្រវិស័យនេះ និងការលុបចោលវិធានការសូន្យកូវីដ នៅក្នុងខែធ្នូយ៉ាងណាក្តី ប៉ុន្តែអារម្មណ៍វិជ្ជមានរបស់វិនិយោគិន ចំពោះវិស័យនេះគឺមានរយៈពេលខ្លីប៉ុណ្ណោះ។
ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនGoldman Sachs បានអះអាងទៀតថា “ដូច្នេះយើងសន្មត់ថា ការងើបឡើងវិញនឹងមានរាងជាអក្សរ L នៅក្នុងវិស័យអចលនទ្រព្យចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។
ក្រុមហ៊ុន Goldman Sachs បានលើកឡើងថា ខ្លួនរំពឹងថា រដ្ឋាភិបាលចិននឹងចាត់វិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យនេះ ដូចជាការបន្ធូរបន្ថយបន្ថែមទៀត នៅក្នុងលក្ខខណ្ឌឥណទានសម្រាប់អ្នកទិញផ្ទះ ការកាត់បន្ថយបន្ថែមលើអត្រាប្រាក់កម្ចីទិញផ្ទះ និងអនុបាតការបង់រំលោះ ក៏ដូចជា ការបន្ធូរបន្ថយបន្ថែមលើការរឹតបន្តឹងលើការទិញផ្ទះ និងការលក់ចេញវិញបន្តនៅក្នុងទីក្រុងធំៗ។
កាលពីសប្តាហ៍មុន កាសែតរដ្ឋចិន Economic Daily បានជំរុញឱ្យមានការអត់ធ្មត់ ស្របពេលមានការរំពឹងទុកទីផ្សារ នៃវិធានការជំរុញបន្ថែមទៀតសម្រាប់វិស័យនេះ ហើយវិធានការត្រូវការពេលវេលាខ្លះដើម្បីជះឥទ្ធិពលជាវិជ្ជមានឡើងវិញ៕