ក្រុមហ៊ុនធំៗកម្ពុជាជាង១០០នឹងចូលរួមពិព៌ណពាណិជ្ជកម្មលើកដំបូងនៅសហរដ្ឋអាមេរិក

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាដេំណឹងរីករាយមួយ ដែលកម្ពុជានឹងរៀបចំពិព៌ណពាណិជ្ជកម្មជាលើកដំបូងនៅសហរដ្ឋអាមេរិក និងរំពឹងថា ក្រុមហ៊ុនកម្ពុជាធំៗជាង១០០ ​នឹងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

កម្មវិធីពិព៌ណនេះរៀបំឡើង ដោយសភាពាណិជ្ជកម្ម​កម្ពុជា (CCC) សហការ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាមេរិក។ ការតាំងពិព៌ណនេះ ធ្វើឡើងក្នុង​គោលបំណង​ពង្រីក​ផលិតផល​ផលិត ​ក្នុងស្រុក​ទៅកាន់​ទីផ្សារ​អាមេរិក ក៏ដូចជា​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​កម្ពុ​ជា​។​

យោងតាម​សេចក្តីប្រកាស​របស់ អគ្គ​កុងស៊ុល​កម្ពុជា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ថ្ងៃទី១ ខែមិថុនា “​ពិព័រណ៍​ធុរកិច្ច​​កម្ពុជា” ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឡុង​ប៊ិច ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៣​។ ព្រឹត្តិការណ៍​នេះ ​ត្រូវបាន​រៀបចំឡើង​ ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ធុរកិច្ច​កម្ពុជា​ដ៏​សម្បូរបែប នឹង​ប្រារព្ធ​ឡើង​នៅ Holiday Inn Long Beach Airport, រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ ​ព្រឹត្តិការណ៍​នេះ ​នឹង​បើក​ជា​សា​ធា​​រណៈ​ចាប់ពី​ម៉ោង​ ១០:០០​ នាទី​ព្រឹក​ដល់​ម៉ោង ​៣:០០ នាទី​រសៀល និង​អាច​ចូលរួម​ដោយ​សេរី​។ មន្ត្រី​ក្រសួង ពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍​កម្ពុជា ​ត្រូវបាន​រំពឹងថា នឹង​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​ទៅកាន់​គេហ​ទំព័រ​របស់​សភាពាណិជ្ជកម្ម ដើម្បី​ចុះឈ្មោះ​។​

អគ្គ​កុងស៊ុល​កិត្តិយស​កម្ពុជា លោកគឹម ឆា​ហួត ប្រធានសភា​កម្ពុជា​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ពិព័រ​ណ៍​នេះ ​នឹង​បម្រើ​ជា​វេទិកា​ផ្សព្វផ្សាយ​ ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏ដូចជា​ ការកសាង​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​វិនិយោគិន​កម្ពុជា និង​អាមេរិក​។

លោក​បាន​ថ្លែងថា “​ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​វេទិកា ​ដ៏​អស្ចារ្យ​មួយ ដើម្បី​បង្ហាញ​ពី​ផលិតផល​ចម្រុះ​របស់​ប្រទេស​កម្ពុជា​។ អ្នកចូលរួម​នឹងមាន​ឱកាស​ស្វែងយល់ និង​បទពិសោធន៍​ផលិតផល ដូចជា​មុខម្ហូប​ខ្មែរ​ប្លែកៗ រួមមាន​អង្ករ ម្រេច គ្រាប់ស្វាយចន្ទី និង​ផលិតផល​ប្លែកៗ​ជាច្រើន​ទៀត”​។​

អគ្គ​កុងស៊ុល​រូបនេះ បានបញ្ជាក់​បន្ថែមថា សមាជិក​គណៈប្រតិភូ​ដែល​បានជ្រើសរើស ​គឺ​បើកចំហ​ក្នុងការ​ពិភាក្សា ​អំពី​ឱកាស​វិនិយោគ​ដែលមាន​សក្តានុពល​នៅក្នុង​ទីផ្សារ​អាមេរិក​។​

ជាមួយគ្នានេះ ឧកញ៉ាលឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍ឲ្យដឹងផងដែរ​ថា សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​សហការ​ជាមួយ​អគ្គ​កុងស៊ុល ​ក្នុង​ការរៀបចំ​ពិព័រណ៍​នេះ ​ដើម្បី​តាំង​បង្ហាញ​ផលិតផល​របស់​កម្ពុជា ​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក ខណៈដែល​ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម ​រវាង​ប្រទេស​ទាំង​២​ កំពុង​រីក​ចម្រើន​

លោកបញ្ជាក់ថា “យើង​រំពឹងថា ពិព័រណ៍​នេះ​នឹង​បម្រើ​ជា​វេទិកា​មួយ​ សម្រាប់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​របស់​ យើង​ដើម្បី​បង្ហាញ​ផលិតផល​របស់​ពួកគេ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅ​អាមេរិក យើង​មើលឃើញថា កម្ពុជា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ​ជាមួយ​អាមេរិក”។ លោកបន្ថែមថា “ដូច្នេះ​ពិព័រណ៍​នេះ ​នឹង​បង្កើត​ទំនុកចិត្ត​បន្ថែមទៀត​ក្នុងចំណោម​អតិ​ជិ​ជន​អាមេរិក​”។

លោកឧកញ៉ាលឹម ហេងបានបន្ត​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​បើក​ស្ថាប័ន​តំណាង​របស់ខ្លួន​ នៅ​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​នាពេល​ឆាប់ៗ​នេះ​។ ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក​បាន​កើនឡើង​ដល់​១,១៦៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​២ខែ​ដំបូង នា​ឆ្នាំ ២០២៣ ធ្លាក់ចុះ ២០,៣៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​បណ្តោះអាសន្ន​របស់​ GDCE​។

ការ​នាំចូល​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក ​ពី​កម្ពុជា​រួមមាន​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុ​ជាជាង១​លាន​នាក់ ភាគច្រើន​ជា​ស្ត្រី ខណៈដែល​ការនាំចេញ​របស់​អាមេរិក​ មក​កម្ពុជា​រួមមាន​យានយន្ត ចំណី​សត្វ និង​សេវាកម្ម​ឌីជីថល​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here