ដោយៈ សុខុម
បាងកក: ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ថៃ Siam Makro បានទម្លាយប្រាប់កាសែត Krungthep Turakij នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា នេះថា ខ្លួនគ្រោងបង្កើនចំនួនផ្សារទំនើប Makro របស់ខ្លួនទ្វេដងនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈតម្រូវការផលិតផលប្រើប្រាស់របស់ថៃ កើនឡើងជាលំដាប់។
បច្ចុប្បន្នក្រុមហ៊ុន Siam Makro មានផ្សារទំនើប Makro ចំនួន៣ទីតាំងនៅកម្ពុជា៖ ១ទីតាំងនៅក្រុងសៀមរាប និង២ទីតាំងទៀតនៅរាជធានីភ្នំពេញ ពោលគឺនៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ហើយគ្រោងនឹងបើកចំនួន៣ទីតាំងបន្ថែមទៀតនៅឆ្នាំ២០២៦ ដែលសរុប៦ទីតាំង។
ក្រុមហ៊ុន Siam Makro ក៏មានបំណងក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា។ក្រុមហ៊ុននិយាយថា ផែនការពង្រីករបស់ខ្លួន កាន់តែមានសន្ទុះខ្លាំងក្លា នៅពេលឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់បានងើបឡើងវិញពីវិបត្តិកូវីដ-១៩។






