ដោយៈ គង់ ហ្វីអូណា
កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសខ្លះកំពុងដំឡើងថ្លៃអគ្គិសនី តែសម្រាប់ប្រទេសកម្ពុជាមិនឡើងថ្លៃទេ។
សម្តេចតេជោបានបន្តថា អគ្គិសនីកម្ពុជាធ្វើអាជីវកម្មមិនចំណេញទេ ហើយបើចំណេញ ក៏ចំណេញតិច ដោយរដ្ឋឧបត្ថម្ភទុន។ សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅតាមភូមិជាទូទៅប្រមាណ៩៩ភាគរយ មានអគ្គិសនីប្រើ តែមានតែភូមិថ្មីៗដែលទើបតែកើតបួនប្រាំផ្ទះទេ មិនទាន់មានភ្លើងអគ្គិសនីទៅដល់។ អត់ទាន់មានអគ្គិសនីទៅដល់ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋប្រើសូឡា ប្រើអាគុយ មិនដុតចន្លុះទេ ពីមុនសម្តេចជិះយន្តហោះ បើក្រឡេកមើលក្រោមឆ្លងកាត់ប្រទេសជិតខាង ឆ្លងចូលដល់ព្រំដែនកម្ពុជាងងឹតឈឹង មកដល់ភ្នំពេញទើបភ្លឺ ក៏ប៉ុន្តែឥឡូវចេញពីព្រំដែនថៃ ព្រំដែនឡាវចូលមកក្នុងទឹកដីកម្ពុជា តាមភូមិមានភ្លើងភ្លឺ។ មិនដូចពួកចង្រៃខ្លះវាថា ដឹកនាំប្រទេសខ្ទេចខ្ទាំនោះទេ។






