នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបើកសម្ពោធផ្សារ ឡាក់គីអ៊ិចប្រេស ជាផ្លូវការ ដែលបាននាំមកនូវការបញ្ចុះតម្លៃពិសេសទៅលើទំនិញជាច្រើនមុខ ដែលទីតាំងនេះគឺជាសាខាទីបួនហើយដែលស្ថិតនៅក្នុងបុរី ប៉េង ហួត បន្ថែមពីលើសាខាទាំងបី ដែលបានកំពុងបើកដំណើរការក្នុងពេលបច្ចុប្បន្ននេះ។
សាខាថ្មីរបស់ផ្សារ ឡាក់គីឡាក់គីអ៊ិចប្រេស គឺស្ថិតនៅក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បាននាំយកមកនូវទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខសម្រាប់បម្រើទៅតាមតម្រូវការអតិថិជន ដែលរស់នៅក្នុងបុរី ប៉េង ហួត ដឹស្តាដាយមិន និងអតិថិជនទូទៅ។
លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញចំណាប់អារម្មណ៍រំភើបចំពោះការបើកដំណើរការសាខាថ្មីនេះ នឹងមានប្រសាសន៍ថា ហាងថ្មីមួយនេះនឹងអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។
លោកបានឲ្យដឹងថា៖ «យើងបានធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ប៉េង ហួត អ៊ីនវេសមិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមករួចមកហើយ ហើយយើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់យកភាពជាដៃគូនេះទៅកាន់កម្រិតមួយបន្ថែមទៀត ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍លក់រាយដ៏ថ្មីអស្ចារ្យសម្រាប់គម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នេះផងដែរ»។
លោកបានបញ្ជាក់បន្ថែមទៀតថា ហេតុផលចម្បងដែលនាំឲ្យក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បន្តពង្រីកសាខាបន្ថែមមួយទៀត ជាមួយបុរី ប៉េង ហួត ពីព្រោះថា ក្រុមហ៊ុន បានមើលឃើញពីការកើនឡើងនូវតម្រូវការរបស់អតិថិជន និងដោយសារតែមានកំណើនប្រជាពលរដ្ឋដែលចូលមករស់នៅក្នុងតំបន់នេះកាន់តែច្រើនឡើងៗ ជាពិសេសគឺក្នុងគម្រោង បុរី ប៉េង ហួត ដឹស្តាដាយមិន ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) នេះផ្ទាល់តែម្តង។






