ដោយ: គង់ លាងហួរ
អន្តរជាតិ: ការរីកចម្រើននៃវិស័យទេសចរណ៍របស់ប្រទេសជប៉ុនកំពុងទាក់ទាញការវិនិយោគ ពីអ្នកទិញបរទេស ដែលកំពុងស្វែងរកឱកាសអចលនទ្រព្យ ជាមួយនឹងសេដ្ឋកិច្ចរឹងមាំផ្តល់នូវកម្លាំងជំរុញបន្ថែមទៀត។
ផ្នែកសណ្ឋាគារនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី៣ របស់ពិភពលោកបានទទួលទឹកប្រាក់ជិត៩៨ពាន់លានយ៉េន(ប្រហែល៦៩១លានដុល្លារ) ក្នុងការវិនិយោគពីក្រៅប្រទេសនៅចន្លោះខែមករា និងពាក់កណ្តាលខែមិថុនាឆ្នាំនេះ ពោលគឺច្រើនជាងមុន៥ដង បើធៀបនឹង១៧,៨ពាន់លានយ៉េនក្នុងឆមាសទីមួយនៃឆ្នាំ២០២២។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ MSCI Real Assets។
លោក Pamela Ambler ប្រធានផ្នែកស៊ើបការណ៍វិនិយោគសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន JLL បានលើកឡើងថា “អ្វីដែលខ្ញុំគិតថាកំពុងកើតឡើងគឺថាមានមនុស្សមកពីក្រៅ និងមូលធនបរទេសកាន់តែច្រើន កំពុង សម្លឹងមើលវិស័យជាច្រើនដើម្បីវិនិយោគ”។
ចាប់តាំងពីប្រទេសជប៉ុនបានលុបចោលទាំងស្រុងនូវការរឹតបន្តឹងការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតនៅដើមខែតុលា បន្ទាប់ពីមានភាពឯកោអស់រយៈពេលជាងពីរឆ្នាំ ប្រទេសនេះបានទាក់ទាញចំនួនអ្នកចូលទស្សនាជាច្រើនឡើងវិញ។






