ដោយៈ សុខុម
បាងកក: បំណុលគ្រួសារ (Household Debt) របស់ពលរដ្ឋថៃ បានក្លាយជាក្ដីបារម្ភ ដ៏ធំជាយូរមកហើយសម្រាប់រដ្ឋាភិបាលថៃ ដែលធ្វើឱ្យការចំណាយ របស់អ្នកប្រើប្រាស់ធ្លាក់ចុះ និងររាំងដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនា។
ទិន្នន័យដែលផ្ដល់ដោយក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមបង្ហាញថា បំណុលគ្រួសាររបស់ពលរដ្ឋ ក្នុងប្រទេសថៃ បានឈានរហូត ដល់ជាង៤៣៤ពាន់លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៤ ចុងឆ្នាំ២០២២ ដោយកើនឡើង៣,៥%។
បំណុលគ្រួសារនេះ បានគ្របដណ្ដប់រហូតដល់ទៅ៨៦,៩% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសថៃទៅហើយ។ក្រុមប្រឹក្សាដដែលគូសបញ្ជាក់ថា ការកើនឡើងនូវបំណុលគ្រួសារនេះភាគច្រើន បណ្ដាលមកពីការទិញអចលនទ្រព្យ និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (Personal Loan)។






