ដោយ: គង់ លាងហួរ
សិង្ហបុរី: ប្រទេសសិង្ហបុរី បានបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជន នៅក្នុងបញ្ជីនៃកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ រហូតដល់៥.១៦០យូនីត កើនឡើងពី៤.០៩០យូនីត នៅក្នុងរយៈពេលប្រាំមួយខែដំបូង។
លំនៅដ្ឋានសរុប៩.២៥០យូនីត សម្រាប់ឆ្នាំ២០២៣ទាំងមូលនេះគឺចំនួនខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយវាក៏ខ្ពស់ជាងការផ្គត់ផ្គង់លំនៅដ្ឋាននៅឆ្នាំ២០២២ ជិត៥០ភាគរយ និងស្មើប្រហែល២,៥ដង បើធៀបនឹងឆ្នាំ២០២១។
អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមិថុនានេះ ថា កម្មវិធី GLS សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ រួមមានទីតាំងចុះបញ្ជី ដែលបានបញ្ជាក់ចំនួន៨ និងទីតាំងបញ្ជីបម្រុងចំនួន៩ទៀត។
យោងតាមការចុះផ្សាយពីកាសែត CNA បានឱ្យដឹងថា ទីតាំងដែលបានបញ្ជាក់ទាំង៨ គឺជាទីតាំងលំនៅដ្ឋានឯកជន ក្នុងនោះមានទីតាំងមួយសម្រាប់ខុនដូប្រភេទ Executive Condominium (EC)។ សរុបមក ទីតាំងទាំងនេះអាចផ្តល់ក្រឡាផ្ទៃ ពាណិជ្ជកម្មសរុបចំនួន៤.៩០០ម៉ែត្រការ៉េ។
ដីនៅក្នុងបញ្ជីបញ្ជាក់ត្រូវបានដាក់លក់ នៅកាលបរិច្ឆេទដែលបានកំណត់ទុកជាមុន ដោយក្បាលដីភាគច្រើន ត្រូវបានលក់តាមរយៈការដេញថ្លៃ។
ទន្ទឹមនឹងនេះ ដីនៅក្នុងបញ្ជីបម្រុង មិនត្រូវបានដាក់សម្រាប់ការដេញថ្លៃភ្លាមៗនោះទេ ប៉ុន្តែត្រូវបានផ្តល់ជូនសម្រាប់ការដាក់ពាក្យ។ ទីតាំងចុះបញ្ជីបម្រុង ត្រូវបានដាក់សម្រាប់ការដេញថ្លៃ នៅពេលអ្នកអភិវឌ្ឍន៍បង្ហាញពីតម្លៃអប្បបរមាមួយ ដែលត្រូវបានទទួលយកដោយរដ្ឋាភិបាល៕






