វិស័យបរធនបាលកិច្ចដែលកំពុងធ្វើប្រតិបត្ដិការនៅកម្ពុជាមានទំហំ ទឹកប្រាក់ ១.៤ពាន់លានដុល្លារ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច លោកសុខ ដារ៉ា បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ប្រមា​ណ១.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ដារ៉ា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និង វិទ្យាស្ថានខេមអេដ ស្ដីពី “កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរជំនួយបច្ចេកទេស ក្នុងក្របខណ្ឌវិស័យបរធនបាលកិច្ច នៅកម្ពុជាកាលពីថ្ងៃទី២១ មិថុនាកន្លងមកនេះ។ លោកបញ្ជាក់ថា “សម្រាប់បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ បានចុះបញ្ជីចំនួន៥២៣ករណី ជាមួយនឹងបរធនបាល ប្រមាណ១ពាន់៤លានដុល្លារ ប៉ុន្ដែនៅខែក្រោយចំនួននេះ នឹងកើនឡើង”។

បន្ថែមពីនោះទៀត អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានលើកឡើងថា យើងអាចរំពឹងថា ពាក់កណ្ដាលខែក្រោយ ឬចុងខែក្រោយ តួលេខនេះ នឹងក្លាយជាតួលេខផ្លូវការ ទំហំបរធនដែលកំពុងធ្វើការសហការ នៅក្នុងប្រទេសកម្ពុជា នឹងកើនដល់១ពាន់១៣០លានដុល្លារ ប៉ុន្ដែនេះជាទិដ្ឋន័យបណ្ដោះអាសន្ន។

លោក សុខ ដារ៉ា បានបញ្ជាក់ថា គោលដៅរបស់និយ័តករបរធនបាលកិច្ច នឹងធ្វើយ៉ាងណាឲ្យទំហំបរធន ដែលធ្វើប្រតិបត្ដិការនៅប្រទេសកម្ពុជា កើនឡើង១,៥០០លានដុល្លារ សហរដ្ឋអាមេរិកប្រ​មាណជា៥% នៃ GDP។

ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងបញ្ជា្របការយល់ដឹងអំពី វិស័យបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងដើម្បីផ្ដល់ការគាំទ្រ និងផ្លាស់ប្តូរជំនួ​យបច្ចេកទេសទៅវិញទៅមក សម្រាប់ជាវិភាគទាន ដល់កិច្ចដំណើរការអភិវឌ្ឍន៍ នៃវិស័យបរធនបាលកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here