ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានថ្លែងទៅកាន់សមាជិក សភាពាណិជ្ជកម្មខេត្តនេះថា គំរោងអភិវឌ្ឍន៍ដែលមានតម្លៃចាប់ពី៥លានដុល្លារអាមេរិកចុះ មិនចាំបាច់ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC)ទេ។
លោកបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខាកាលពីដើមសប្តាហ៍នេះ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យខេត្តរបស់យើងរីកចម្រើន ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើបងប្អូនចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគ មានដើមទុនក្រោម៥លានដុល្លាអាមេរិក។






