ក្រុមហ៊ុនHongkong Land បោះទុន៨០០០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្រុងសៀងហៃ

0

ដោយ: គង់ លាងហួរ

ហុងកុង: ក្រុមហ៊ុន HongkongLand ដែលជាម្ចាស់ដីពាណិជ្ជកម្មដ៏ធំបំផុត កំពុងចាប់ផ្តើមការវិនិយោគ ដ៏ធំបំផុតមិនធ្លាប់មាន ជាមួយគម្រោងប្រើប្រាស់ចម្រុះ តម្លៃ៨ពាន់លានដុល្លារនៅក្នុងទីក្រុងសៀងហៃ។

យោងតាមការចុះផ្សាយដោយសារព៌តមានThe South China Morning Post បានឱ្យដឹងថា គម្រោងនេះ ត្រូវបានគេហៅឈ្មោះថា West Bund Financial Hub មានទីតាំងនៅ Xuhui Waterfront ឬ West Bund របស់ទីក្រុងសៀងហៃ។

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនអភិវឌ្ឍន៍នឹងចាប់ផ្តើមគម្រោងថ្មីចំនួន១០ នៅក្នុងទីក្រុងចិនដីគោកចំនួន៧ ដែលមានដូចជា Shanghai Chongqing Chengdu Wuhan  Nanjing Hangzhou និង Suzhou។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Hongkong Land គ្រប់គ្រងអចលនទ្រព្យបែបពាណិជ្ជកម្ម  នៅទីក្រុងហុងកុង ម៉ាកាវ ប៉េកាំង ឆុងឈីង និងសៀងហៃ។

លោក Ling Chang Feng នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្ម Hongkong Land បញ្ជាក់ក្នុងការឆ្លើយតបតាមអ៊ីមែលថា “យើង​មាន​ទំនុក​ចិត្ត​លើ​ទស្សនវិស័យ​ កំណើន​រយៈពេល​វែង​សម្រាប់​ប្រទេស​ចិន”។ លោកបន្តថា “វណ្ណៈកណ្តាលរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ហើយសេដ្ឋកិច្ចជាតិនឹងត្រូវបានជំរុញ និងការផ្តោតសំខាន់កាន់តែខ្លាំង ទៅលើការផ្តល់អចលនទ្រព្យដែលមានគុណភាពខ្ពស់”។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សា Greater China នៅក្រុមហ៊ុន Knight Frank បានលើកឡើងថាទស្សនវិស័យ នៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម នៅទីក្រុងសៀងហៃកំពុងមានភាពជោគជ័យ នៅក្នុងរយៈពេលវែង ហើយទ្រព្យសកម្មនានាដូចជាការលក់រាយ និងមជ្ឈមណ្ឌលទិន្នន័យ នឹងត្រូវបានស្វែងរកដោយអ្នកវិនិយោគ។ការ​សាង​សង់​គម្រោងប្រើប្រាស់ចម្រុះ ខាងលើនេះនឹង​ត្រូវចែកចេញជា​៣ដំណាក់​កាល។  ដំណាក់កាលដំបូងទី១ នឹងផ្តល់ជូននូវអចលនទ្រព្យលំនៅដ្ឋាន ហើយការលក់នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣នេះ។

ដំណាក់កាលទី២ រួមមានការសាងសង់ការិយាល័យ សណ្ឋាគារប្រណិត មជ្ឈមណ្ឌលសន្និបាត និងកន្លែងវប្បធម៌ផ្សេងទៀត ទំនងជានឹងត្រូវបញ្ចប់នៅក្នុងដំណាក់កាល ក្នុងចន្លោះរវាងឆ្នាំ២០២៤ និងឆ្នាំ២០២៦ខាងមុខ។

ចំណែក ដំណាក់កាលទី៣ រួមមានការិយាល័យ និងផ្នែកលក់រាយដ៏ប្រណិត ក៏ដូចជា សណ្ឋាគារប្រណិតទំនើប និងផ្ទះល្វែងសេវាកម្ម ហើយដំណាក់កាលនេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​សាងសង់បញ្ចប់​រវាង​ឆ្នាំ២០២៦ និង​ឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here