ដោយ: គង់ លាងហួរ
ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្អាកការចូលដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេស និងដែនដីចំនួន១៥៩ ដោយលើកឡើងពីការព្រួយបារម្ភ អំពីសណ្តាប់ធ្នាប់សាធារណៈ និងការឆ្លងជំងឺដែលអាចកើតមាន។
ក្រសួងច្បាប់ និងសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូនេស៊ី បានចេញក្រឹត្យមួយកាលពីដើមខែនេះ ដែលលុបចោលការចូល ដោយគ្មានទិដ្ឋាការ សម្រាប់ប្រទេសមិនមែនសមាជិកអាស៊ាន ដែលឥឡូវចូលជាធរមាន។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បើកការបង្រ្កាបភ្ញៀវទេសចរណ៍ ដែលប្រព្រឹត្តទង្វើមិនសមរម្យជាមួយមន្ត្រី ប្រព្រឹត្តបទឧក្រិដ្ឋ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬថតស្រាតថតរូបនៅកន្លែងពិសិដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ក៏មានហានិភ័យ នៃជំងឺដែលបង្កឡើងដោយមនុស្ស មកពីប្រទេសដែលមិនត្រូវបានទទួលស្គាល់ថា គ្មានជំងឺដោយអង្គការសុខភាពពិភពលោកផងដែរ។ ដូច្នេះឥឡូវនេះ អ្នកទេសចរទាំងអស់ ត្រូវតែទទួលបានទិដ្ឋា ការពីបេសកកម្មឥណ្ឌូនេស៊ីនៅក្រៅប្រទេស ឬតាមអ៊ីនធឺណិត។
ក្រសួងបានបន្ថែមថា “តាមរយៈការបញ្ឈប់ជាបណ្តោះអាសន្នលើការចូលទស្សនាដោយគ្មានទិដ្ឋាការ រដ្ឋាភិបាលក៏គ្រោងកាត់បន្ថយហានិភ័យ ដែលអាចកើតមានទាក់ទងនឹងបុគ្គល ដែលចូលមកប្រទេសឥណ្ឌូនេស៊ី ដោយមិនមានការត្រួតពិនិត្យ និងឯកសារត្រឹមត្រូវផងដែរ”។
ប្រទេសឥណ្ឌូនេស៊ី បានលើកលែងតម្រូវការទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចំនួន១៦៩ រួមទាំងប្រទេសអាស៊ានចំនួន១០ ចាប់តាំងពីឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក្តី ការលើកលែងទិដ្ឋាការនេះ ត្រូវបានផ្អាកសម្រាប់ប្រទេសទាំងអស់ លើកលែងតែប្រទេសអាស៊ានទាំង១០ប៉ុណ្ណោះ៕