ឥណ្ឌូនេស៊ីប្រកាសដកហូតការចូលទឹកដីរបស់ខ្លួនដោយគ្មានទិដ្ឋាការសម្រាប់បណ្តាប្រទេសមិនមែនសមាជិកអាស៊ាន

0

ដោយ: គង់ លាងហួរ

ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្អាកការចូលដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេស និងដែនដីចំនួន១៥៩ ដោយលើកឡើងពីការព្រួយបារម្ភ អំពីសណ្តាប់ធ្នាប់សាធារណៈ និងការឆ្លងជំងឺដែលអាចកើតមាន។

ក្រសួង​ច្បាប់ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ចេញ​ក្រឹត្យ​មួយ​កាល​ពី​ដើម​ខែ​នេះ​ ដែល​លុប​ចោល​ការ​ចូល ​ដោយ​គ្មាន​ទិដ្ឋាការ​ សម្រាប់​ប្រទេស​មិនមែន​សមាជិកអាស៊ាន ដែល​ឥឡូវ​ចូល​ជា​ធរមាន។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បើកការបង្រ្កាបភ្ញៀវទេសចរណ៍ ដែលប្រព្រឹត្តទង្វើមិនសមរម្យជាមួយមន្ត្រី ប្រព្រឹត្តបទឧក្រិដ្ឋ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬថតស្រាតថតរូបនៅកន្លែងពិសិដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ក៏មានហានិភ័យ នៃជំងឺដែលបង្កឡើងដោយមនុស្ស មកពីប្រទេសដែលមិនត្រូវបានទទួលស្គាល់ថា គ្មានជំងឺដោយអង្គការសុខភាពពិភពលោកផងដែរ។ ដូច្នេះឥឡូវនេះ អ្នកទេសចរទាំងអស់ ត្រូវតែទទួលបានទិដ្ឋា ការពីបេសកកម្មឥណ្ឌូនេស៊ីនៅក្រៅប្រទេស ឬតាមអ៊ីនធឺណិត។

ក្រសួងបានបន្ថែមថា “តាមរយៈការបញ្ឈប់ជាបណ្តោះអាសន្នលើការចូលទស្សនាដោយគ្មានទិដ្ឋាការ រដ្ឋាភិបាលក៏គ្រោងកាត់បន្ថយហានិភ័យ ដែលអាចកើតមានទាក់ទងនឹងបុគ្គល ដែលចូលមកប្រទេសឥណ្ឌូនេស៊ី ដោយមិនមានការត្រួតពិនិត្យ និងឯកសារត្រឹមត្រូវផងដែរ”។

ប្រទេសឥណ្ឌូនេស៊ី បានលើកលែងតម្រូវការទិដ្ឋាការ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចំនួន១៦៩ រួមទាំងប្រទេសអាស៊ានចំនួន១០ ចាប់តាំងពីឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក្តី ការលើកលែងទិដ្ឋាការនេះ ត្រូវបានផ្អាកសម្រាប់ប្រទេសទាំងអស់ លើកលែងតែប្រទេសអាស៊ានទាំង១០ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here