ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមអ្នកតំណាងមកពីវិស័យឯកជន បានលើកឡើងថា កម្ពុជា បានក្លាយជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់ក្រុមហ៊ុនមកពីគ្រប់តំបន់ចូលមកបណ្តាក់ទុន ដើម្បីផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បើទោះបីជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្តី។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ CDC កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឱ្យដឹងថា យោងតាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន CDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីឱ្យគម្រោងវិនិយោគចំនួន៩ ដែលមានទុនវិនិយោគសរុប៥៤,៨លានដុល្លារ លើគម្រោងបង្កើតរោងចក្រ ផលិតសម្ភារផ្ទះបាយ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
-->
គម្រោងវិនិយោគទាំងនេះ នឹងបង្កើតការងារបាន១៣,៨៤៩ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគ ដោយក្នុងនោះក្រុមហ៊ុនចំនួន២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា បន្តិចម្តងៗ កម្ពុជា បានក្លាយជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់ក្រុមហ៊ុនមកពីគ្រប់តំបន់ចូលមកបណ្តាក់ទុន ដើម្បីផលិតទំនិញសម្រាប់នាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា “ការទាក់ទាញបានចំនួនក្រុមហ៊ុន/សហគ្រាស ឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់នេះ គឺមកពីកត្តាចំនួន២ គឺកត្តាខាងក្នុង និងកត្តាខាងក្រៅ”។
លោកឧកញ៉ាលឹម ហេងបានពន្យល់ថា កត្តាខាងក្នុង គឺសំដៅដល់ស្ថិរភាពនយោបាយ និងភាពល្អប្រសើរជាបន្តបន្ទាប់ នៃសមត្ថភាពធនធានមនុស្ស វត្ថុធាតុដើម ប្រព័ន្ធច្បាប់វិនិយោគ និងប្រព័ន្ធដឹកជញ្ជូន ជាដើម។ ចំណែកកត្តាខាងក្រៅ គឺប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសជាច្រើន សម្រាប់ការនាំចេញ ដោយរួចពន្ធគយ ឬក្រោមលក្ខខណ្ឌពិសេស។ លោកបានថ្លែងថា “ទោះបីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក ក្នុងពេលនេះមិនសូវមានភាពល្អប្រសើរ ក៏ប្រទេសកម្ពុជានៅតែអាចទទួលបាន នូវគម្រោងវិនិយោគ មកបើកដំណើរការជាបន្តបន្ទាប់”។ទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាល ផ្នែកឯកជននៅកម្ពុជា ក៏បានខិតខំទាក់ទងជាមួយរដ្ឋាភិបាល និងអ្នកវិនិយោគនៅតាមប្រទេសនានាឱ្យមកបើកអាជីវកម្មនៅកម្ពុជាផងដែរ។
យោងតាមCCC ការិយាល័យតំណាង នៅក្រៅប្រទេសរបស់ CCC រួមមាន នៅទីក្រុងតូរ៉ុនតូ (កាណាដា) ទីក្រុងសេនដៃ (ជប៉ុន) និងនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី)។
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកជំទាវឧកញ៉ាកែវ មុំ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ប្រសិនបើតម្លៃថាមពលអគ្គិសនីនៅកម្ពុជា អាចស្មើឬទាបជាងប្រទេសជិតខាងនោះ គឺកម្ពុជានឹងមានឱកាសច្រើនថែមទៀត ក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យមកបណ្តាក់ទុន។ ដោយសារតម្លៃអគ្គិសនីផ្សារភ្ជាប់ នឹងគ្រប់ចង្វាក់ផលិតកម្ម ដូច្នេះបើតម្លៃអគ្គិសនីទាប វាក៏ជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងតម្លៃទំនិញលើទីផ្សារផងដែរ។
លោកជំទាវបន្តថា “អគ្គិសនីកាន់តែទាប ធ្វើឱ្យថ្លៃដើមផលិតកាន់តែទាប ដែលនឹងជួយធ្វើឱ្យសមត្ថភាព ប្រកួតប្រជែងកាន់តែខ្ពស់ជាមួយនឹងទំនិញរបស់ប្រទេសនានាលើពិភពលោក”។ លោកជំទាវឧកញ៉ាបានបន្តថា អ្នកវិនិយោគបរទេស មុននឹងទៅបណ្តាក់ទុននៅប្រទេសណា សំណួរមុនគេ គឺអគ្គិសនីនៅទីនោះមានគ្រប់គ្រាន់ដែរឬទេ? តើអគ្គិសនីមានតម្លៃខ្ពស់ ឬទាប?”៕