រដ្ឋាភិបាលវៀតណាមស្នើភាគីចិនផ្តល់កូតាបន្ថែមសម្រាប់ទំនិញរបស់ខ្លួនឆ្លងកាត់ទៅប្រទេសទី៣តាមរយៈផ្លូវរថភ្លើង

0

ដោយ: គង់ លាងហួរ

ប៉េកាំង: លោកនាយករដ្ឋមន្ត្រី Phạm minh chính  បានស្នើឱ្យប្រទេសចិនជំរុញវឌ្ឍនភាព នៃការបើកទីផ្សារសម្រាប់ផលិតផលកសិ​កម្មរបស់វៀតណាម និងបង្កើតឱកាសសម្រាប់វៀតណាម ក្នុងការបើកការិយាល័យបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មក្នុងប្រទេសចិន។

សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសជំនួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅឯសាលប្រជាជនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារកន្លងទៅ។

លោក Phạm minh Chinh ក៏បានស្នើឱ្យប្រទេសចិនផ្តល់កូតាបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣ តាមរយៈផ្លូវដែករបស់ប្រទេសចិន ក៏ដូចជាការសម្លឹងមើលទៅលើលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ សម្រាប់ផ្លូវដែកល្បឿនលឿនស្តង់ដារ ដែលតភ្ជាប់ប្រទេសទាំងពីរផងដែរ។លោក Chinh ក៏បានកោតសរសើរចំពោះធុរកិច្ចចិន ដែលបានពង្រីកការវិនិយោគ ប្រកបដោយគុណភាពខ្ពស់ ទៅកាន់វៀតណាម ដោយលោកមានបំណង ចង់ឱ្យមានការផ្លាស់ប្តូរ រវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមចំណែកដល់មូលដ្ឋានគ្រឹះសង្គមរឹងមាំ សម្រាប់ទំនាក់ទំនងទ្វេរភាគី។

លើសពីនេះ លោក Chinh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងស្ថិរភាព និងយូរអង្វែងជាមួយប្រទេសចិន តែងតែជាជម្រើសយុទ្ធសាស្ត្រនៃអាទិភាពចម្បង សម្រាប់ទំនាក់ទំនងខាងក្រៅរបស់វៀតណាម

ជាការឆ្លើយតប លោកស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិនតែងតែចាត់ទុកវៀតណាមជាអាទិភាព នៅពេលនិយាយអំពីគោលនយោបាយការទូតរបស់ខ្លួន ហើយលោកស៊ី ក៏បានបញ្ជាក់បំណងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ និងភាគីទាំងពីរផងដែរ

លោកស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ជាមួយវៀតណាម នាំចូលទំនិញពីប្រទេសវៀតណាម និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ផ្លូវថ្នល់ និងព្រំដែន

លោកស៊ី ជីនពីង បានថ្លែងកោតសរសើរចំពោះប្រទេសវៀតណាម ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម ជាសកលរបស់ប្រទេសចិន ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមគ្នានេះ មេដឹកនាំ​នៃប្រទេសទាំងពីរ​ ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​គ្រប់គ្រង និង​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​សមរម្យ ក៏ដូចជា​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here