ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមប្រភពឧស្សាហកម្ម កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសម្រេចបន្ថយជើងហោះហើររវាងប្រទេសកូរ៉េ និងចិន បន្ទាប់ពីតម្រូវការអ្នកដំណើរមានតិចជាងការរំពឹងទុក សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Korean Air បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជើងហោះហើរ រវាងអាកាសយានដ្ឋានអន្តរជាតិ Gimpo និង Beijing ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលា ខណៈដែលផ្លូវហោះហើររបស់ខ្លួន តភ្ជាប់អាកាសយានដ្ឋាន Incheon និង Xian ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលាផងដែរ។
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីរ របស់ប្រទេសកូរ៉េ Asiana Airlines បានអះអាងថា ខ្លួនបានផ្អាកជើងហោះហើរនៅលើផ្លូវ Incheon-Xian ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពិចារណាកាត់បន្ថយ ជើងហោះហើររវាងក្រុង Gimpo និងក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដាផងដែរ។ចំណែក ផ្លូវ Incheon-Shenzhen ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៨ ខែកក្កដា ហើយផ្លូវទាំង៣ ត្រូវបានកំណត់ឱ្យដំណើរការឡើងវិញនៅថ្ងៃទី២៨ ខែតុលា។
ការផ្អាកជើងហោះហើរសំខាន់ៗកើតឡើង ខណៈចំនួនអ្នកដំណើរចិន ដែលហោះហើរទៅកាន់ប្រទេសកូរ៉េ បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតម្រូវការពីប្រជាជនកូរ៉េក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ក៏បានធ្លាក់ចុះផងដែរ ស្របពេលទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ។
យោងតាមទិន្នន័យពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនអ្នកដំណើរដែលហោះហើរ ទៅកាន់ប្រទេសកូរ៉េ ពីប្រទេសចិនក្នុងអំឡុងខែមករា ដល់ខែឧសភា មានចំនួន១,២លាននាក់ ដែលស្មើនឹង៦០% នៃចំនួនដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០២០។
ចំណែក ចំនួនជនជាតិកូរ៉េ ដែលហោះហើរទៅកាន់ប្រទេសចិនក៏បានថយចុះផងដែរ ដោយសមាមាត្រនៃចំនួនអ្នកដំណើរកូរ៉េ នៅលើជើងហោះហើរ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះពី១៥,៥% ទៅដល់៥% ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕