ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមប្រភពឧស្សាហកម្ម កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសម្រេចបន្ថយជើងហោះហើររវាងប្រទេសកូរ៉េ និងចិន បន្ទាប់ពីតម្រូវការអ្នកដំណើរមានតិចជាងការរំពឹងទុក សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Korean Air បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជើងហោះហើរ រវាងអាកាសយានដ្ឋានអន្តរជាតិ Gimpo និង Beijing ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលា ខណៈដែលផ្លូវហោះហើររបស់ខ្លួន តភ្ជាប់អាកាសយានដ្ឋាន Incheon និង Xian ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលាផងដែរ។
-->
ចំណែក ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីរ របស់ប្រទេសកូរ៉េ Asiana Airlines បានអះអាងថា ខ្លួនបានផ្អាកជើងហោះហើរនៅលើផ្លូវ Incheon-Xian ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពិចារណាកាត់បន្ថយ ជើងហោះហើររវាងក្រុង Gimpo និងក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដាផងដែរ។
ចំណែក ផ្លូវ Incheon-Shenzhen ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៨ ខែកក្កដា ហើយផ្លូវទាំង៣ ត្រូវបានកំណត់ឱ្យដំណើរការឡើងវិញនៅថ្ងៃទី២៨ ខែតុលា។
ការផ្អាកជើងហោះហើរសំខាន់ៗកើតឡើង ខណៈចំនួនអ្នកដំណើរចិន ដែលហោះហើរទៅកាន់ប្រទេសកូរ៉េ បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតម្រូវការពីប្រជាជនកូរ៉េក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ក៏បានធ្លាក់ចុះផងដែរ ស្របពេលទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ។
យោងតាមទិន្នន័យពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនអ្នកដំណើរដែលហោះហើរ ទៅកាន់ប្រទេសកូរ៉េ ពីប្រទេសចិនក្នុងអំឡុងខែមករា ដល់ខែឧសភា មានចំនួន១,២លាននាក់ ដែលស្មើនឹង៦០% នៃចំនួនដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០២០។
ចំណែក ចំនួនជនជាតិកូរ៉េ ដែលហោះហើរទៅកាន់ប្រទេសចិនក៏បានថយចុះផងដែរ ដោយសមាមាត្រនៃចំនួនអ្នកដំណើរកូរ៉េ នៅលើជើងហោះហើរ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះពី១៥,៥% ទៅដល់៥% ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕