លោកស៊ុន ចាន់ថុលបញ្ជាក់ពីសមត្ថភាពកំពង់ផែកម្ពុជាបច្ចុប្បន្ន និងផលប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេជាច្រើនដូចជាទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសា​ប ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់ជាសក្តានុពលអស់នៅឡើយទេ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការដឹកជញ្ជូនផ្លូវទឹក គឺមានសារៈសំខាន់ណាស់ ព្រោះជួយកាត់បន្ថយការខូចខាតផ្លូវ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈយើងបានពង្រីកកំពង់ផែភ្នំពេញ  ផែនៅទន្លេបិទ និងត្រៀមសាងសង់ផែបន្ថែមទៀតដើម្បីប្រមូលទំនិញដឹកតាមផ្លូវទឹក។

លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រប់គ្រងទំនិញចេញ ចូលបានប្រហែល៦០% ខណៈកាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋា​នសាងសង់ផែរាយ ទៅជាផែកុងតឺន័របណ្តោយ២៥៣ម៉ែត្រ និងការសាងសង់ផែទឹកជ្រៅមួយទៀត ក្នុងជំហានទី១ដែលមានជម្រៅ១៤,៥ម៉ែត្រ”លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា សព្វថ្ងៃនេះ នាវាដែលធ្វើដំណើរនាវាចរណ៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចុះចត នៅកំពង់ផែរបសយើងត្រឹមតែ១៨% ដោយសារជម្រៅទឹករាក់។ ដូច្នេះ យើងត្រូវដឹកជញ្ជូនទៅផ្ទេរនៅកំពង់ផែសិង្ហបុរី កំពង់ផែម៉ាឡេស៊ី កំពង់ផែវៀតណាម ឬកំពង់ផែហុងកុង

លោកបន្តថា “ការដឹកជញ្ជូនបែបនេះ វាធ្វើឱ្យការដឹកជញ្ជូនមានតម្លៃខ្ពស់ ដោយសារការលើកដាក់ទំនិញផ្ទេរចុះឡើង ដូច្នេះប្រសិនបើយើងមានកំពង់ផែជម្រៅ១៤,៥ម៉ែត្រ នៅក្រុងព្រះសីហនុ នាវា៩៣%អាចចុះចតនៅកំពង់ផែ ក្រុងព្រះសីហនុបាន ដែលកំពង់ផែនេះនឹងផ្តល់ផលចំណេញច្រើន”

នៅដំណាក់កាលទី២ យើងគ្រោងសាងសង់កំពង់ផែជម្រៅ១៦,៥ម៉ែត្រ និងដំណាក់កាលទី៣ជម្រៅ១៧,៥ម៉ែត្រ។ ដូច្នេះ នាវាធំៗអាចដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប ឬសហរដ្ឋអាមេរិកបានផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែ របស់ប្រទេសណាទាំងអស់ ហើយកំពង់ផែទឹកជ្រៅ មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន។

លោកបញ្ជាក់ថា “នៅពេលថ្លៃដឹកជញ្ជូនថោក នោះតម្លៃទំនិញចែកចាយក្នុងស្រុកក៏ចុះថោកផងដែរ និងមានលទ្ធភាពប្រកួតប្រជែងដឹកជញ្ជូនផលិតផលរបស់កម្ពុជា ទៅលក់នៅក្រៅប្រទេសផងដែរ”

លោកបន្ថែមថា ក្រៅពីនេះ យើងក៏រៀបចំប្រព័ន្ធ EDI ដើម្បីផ្លាស់ប្តូរទិន្នន័យពីនាវាចេញចូលកម្ពុជាម្តងៗ ដោយមានជំនួយថវិកាពីប្រទេសជប៉ុន ដើម្បីកសាងប្រព័ន្ធនេះឡើង។ លើសពីនេះ លោក ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញជូនគណរដ្ឋមន្ត្រីអំពីប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក រហូតដល់សមុទ្រ ដើម្បីកាត់បន្ថយចំងាយ តម្លៃដឹកជញ្ជូន និងនីតិវិធីផ្សេងៗ។

លោកបន្តទៀតថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឱ្យទៅរហូតដល់សមុទ្រ ត្រូវបានសិក្សាយ៉ាងលំអិតអស់រយៈពេល២៦ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ផ្កាយរណប និងម៉ូដែល ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដែលផ្លូវនាវាថ្មីនេះមានចំងាយ១៨០គីឡូម៉ែត្រ ហើយព្រែកជីកនេះ មានប្រវត្តិសាស្ត្រតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ដោយប្រសិទ្ធិនាមថ្មីថា ជាព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញពីទន្លេរហូតដល់សមុទ្រតែម្តងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹកថា “កាលនោះ អាណាចក្រហ្វូណន មានការរីកចម្រើនណាស់ ក្នុងការដឹកជញ្ជូនទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌា ប៉ុន្តែព្រែកជីកនេះត្រូវបានបោះ​បង់ចោលក្នុងសតវត្សរ៍ទី៥ ឬទី៦”។

លោកបន្ថែមថា “យើងបាននិងកំពុងត្រៀមជីកព្រែកនេះ ឱ្យបានជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ចំនួន២ អាចជៀសគ្នាបាន ហើយព្រែកជីកនេះ អាចជួយរំដោះទឹកជំនន់បានផងដែរ ដោយយើងធ្វើទ្វារទឹកចំនួន១៥បន្ថែមទៀត ដើម្បីអូសទាញទឹកចូលមកក្នុងព្រែកជីកនេះ”។

លោកបន្តឱ្យដឹងទៀតថា ផ្ទុយទៅវិញ នៅរដូវប្រាំង យើងអាចមានទឹករហូតដើម្បីធ្វើកសិកម្ម ហើយប្រជាពលរដ្ឋកម្ពុជាចំនួន១,៦លាននាក់ ដែលរស់នៅតាមដងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូមែត្រនេះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដាក់ចិញ្ចឹមត្រីបាន ហើយភ្ញៀវទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវទឹកទៅលេងនៅកែប កំពត ឬខេត្តព្រះសីហនុ។

លោកបញ្ជាក់ទៀតថា “នៅតាមផ្លូវព្រែកជីកនេះ មានតំបន់ពា​ណិ​ជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះយើងឃើញថា ការជីកព្រែកមានផលចំណេញច្រើន ដោយបច្ចេក​ទេសមិនមានបញ្ហាទេ ព្រោះយើងខ្លាចទឹកប្រៃហូរចូលទឹកសាប ប៉ុន្តែយើងមានទ្វារទឹកសម្រាប់ដោះស្រាយ”លោកអះអាងថា ទាក់ទិននឹងផ្លូវច្បាប់ យើងមានកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានចែងយ៉ាងច្បាស់ថា ទន្លេមេគឺជាទន្លេដែលហូរពីប្រទេសចិន មកដល់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងហូរទៅដល់ប្រទេសវៀតណាម នោះដៃទន្លេធម្មជាតិ ឬព្រែកគឺជាប្រព័ន្ធរបស់ទន្លេមេ ដូច្នេះបើប្រើប្រាស់ដៃទន្លេ យើងគ្រាន់តែត្រឹមជូនដំណឹងទៅដល់ភាគី៣ទៀតដូចជាប្រទេសវៀតណាម ថៃនិងឡាវប៉ុណ្ណោះ”។ លោកស៊ុន ចាន់ថុលបានឱ្យដឹងទៀតថា “គម្រោងព្រែកជីកនេះមិនមានផលប៉ះពាល់ធំដុំ ទៅលើបរិស្ថាននោះទេ ពីព្រោះវាជាព្រែកស្រាប់ ដោយយើងគ្រាន់តែជីកឱ្យបានធំ និងជ្រៅជាងមុន តែផ្ទុយទៅវិញ យើងអាចចិញ្ចឹមត្រីបានថែមទៀត និងទទួលបានផលចំណេញមិនប៉ះពាល់បរិស្ថាន”

LEAVE A REPLY

Please enter your comment!
Please enter your name here