ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. សហការជាមួយ Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EDF) បានធ្វើពិធីផ្សព្វផ្សាយលើការនាំចេញកសផលទៅកាន់ប្រទេសចិន។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល សមាគមជាច្រើនរូបទៀត បានដឹកនាំរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ការនាំចេញកសិផលសក្តានុពល ទៅកាន់ទីផ្សារប្រទេសចិន ដែលមានការចូលរួមពីសំណាក់ តំណាងក្រុមហ៊ុន និងប្រតិបត្តិករកសិផល និងផលិតផលចំណីអាហារចំនួន៦០រូប។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសំដែងនូវមតិស្វាគមន៍ដល់អង្គពិធី និងបានគូសបញ្ជាក់ពីជំហរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សមាគម IDI ក្នុងការចូលរួមចំណែកលើកស្ទួយ ការនាំចេញរបស់កម្ពុជា ជាពិសេស ការនាំចេញផលិតផលចំណីអាហារ និងកសិកម្ម។
លោកបណ្ឌិតបានបន្ថែមថា “សមាគមបាន និងកំពុងធ្វើការជាមួយស្ថាប័នដៃគូក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតឱកាសនានាដល់កសិករ និងសហគមន៍អ្នកផលិត”។ លោកបន្តថា “បន្ថែមលើសនេះ សមាគម នឹងបង្កើតយន្តការគាំទ្រ លើការងារបច្ចេកទេស បន្ថែមលើការងារស្វែងរកទីផ្សារនាំចេញ”។
ជាមួយគ្នានេះ លោកជា កុកហុង ក៏បានចូលរួមផ្តល់អនុសាសន៍គន្លឹះស្តីពីលទ្ធផលទទួលបាន ពីដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលដឹកនាំដោយលោក ផ្ទាល់ ទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែឧសភា។
លោកបានបញ្ជាក់ថា “កសិផលកម្ពុជា ដូចជាអង្ករ គ្រាប់ស្វាយចន្ទី ម្សៅដំឡូងមី និងផ្លែស្វាយមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារប្រទេសចិន”។ លោកបន្តថា ដោយឡែក ជាមួយនឹងការបង្កើតយន្តការបង្កើនគុណភាព ការវេចខ្ចប់ ការធ្វើទីផ្សារ និងម៉ាកសញ្ញា ទិន្នផលនាំចេញពីកម្ពុជាទៅចិន អាចកើនឡើងដល់ទំហំជិត២ពាន់លានដុល្លា”។
ក្នុងន័យនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងផ្តល់ការគាំទ្រ ដល់សមាគមIDI ក្នុងការកំណត់កសិផលអាទិភាព និងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងមធ្យម ដើម្បីពង្រឹងការនាំចេញផលិតផលទាំងនោះ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍បានបន្តថា សមាគម IDI ក្រោមកិច្ចសហការជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងបង្កើនសកម្មភាព ក៏ដូចជាផែនការស្វែងរកទីផ្សារបន្ថែមទៀត ប្រយោជន៍ជួយដល់កសិករ និងអ្នកផលិតកម្ពុជា ក្នុងការនាំចេញកសិផល និងផលិតផលចំណីអាហារទៅទីផ្សារចិន និងទីផ្សារបរទេសដទៃទៀត៕