ការសិក្សាថ្មីៈតម្លៃផ្ទះថ្មីៗនៅប្រទេសចិន បន្តធ្លាក់ចុះសន្សឹមៗ អស់រយៈពេល២ខែជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមការស្ទង់មតិឯកជនបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងខែមិថុនា ធៀបនឹងខែមុន ដែលកត់សម្គាល់ ពីការធ្លាក់ចុះនៃខែទីពីរជាប់ៗគ្នា ហើយការលក់ផ្ទះទំនងជានឹងបន្តចុះខ្សោយក្នុងរដូវក្តៅ។

យោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy បានបង្ហាញកាលពីថ្ងៃសៅរ៍កន្លងទៅថា តម្លៃជាមធ្យមនៃផ្ទះថ្មី នៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះ០,០១ភាគរយ នៅក្នុងខែមិថុនា ដែលជាអត្រានៃការធ្លាក់ចុះដូចគ្នា ដែលត្រូវបានគេមើលឃើញនៅក្នុងខែឧសភា។

វិទ្យាស្ថាននេះបានបន្ថែមថា “នៅក្នុងត្រីមាសទី២ ល្បឿននៃការងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យចិនបានធ្លាក់ចុះ ហើយវាមិនមានសន្ទុះគ្រប់គ្រាន់ សម្រាប់ជំរុញឱ្យតម្លៃផ្ទះកើនឡើងនោះទេ”

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយបង្កឡើងដោយ ចំណាត់ការរបស់រដ្ឋាភិបាលចិន ដើម្បីទប់ទល់នឹងបំណុលដែលកំពុងតែកើនឡើង ដោយអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខានក្នុងការបង់ប្រាក់ ខណៈដែលពួកគេពិបាកក្នុងការលក់អាផាតម៉ិន និងប្រមូលមូលនិធិ។

ទោះបីជារដ្ឋាភិបាល បានដាក់ចេញនូវវិធានការរាប់រយ  រួមទាំងការលុបចោលវិធានការសូន្យកូវីដ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យយ៉ាងណាក្តី ប៉ុន្តែអារម្មណ៍វិនិយោគិនជាវិជ្ជមាន ចំពោះវិស័យនេះនៅតែមានរយៈពេលខ្លី។

វិទ្យាស្ថានស្រាវជ្រាវ China Index Academy បានបញ្ជាក់ទៀតថា “ប្រសិនបើការគាំទ្រ គោលនយោបាយមានកម្រិត នោះវានឹងពិបាកណាស់ ក្នុងការជំរុញឱ្យទំនុកចិត្ត របស់អ្នកទិញផ្ទះមានភាពប្រសើរឡើង”

LEAVE A REPLY

Please enter your comment!
Please enter your name here