រោងចក្រផលិតគ្រឿងអលង្ការតម្លៃ៩លានដុល្លារ នឹងបើកដំណើរការនៅកម្ពុជា

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនធំមួយឈ្មោះ Metal Jewelry(Cambodia​)Co., Ltd បាន​វិនិយោគ​ទឹកប្រាក់​ប្រ​មាណ៩​លាន​ដុល្លារ​ ដើម្បី​បង្កើតរោងចក្រ​កែច្នៃ​គ្រឿងអលង្ការ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់​នាំទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាល​ពីថ្ងៃ​ទី​ ២៣ ខែមិថុនា បានអនុម័តគំរោងវិនិយោគនេះ ដោយក្រុមហ៊ុនខាងលើបានទទួលសិទ្ឋ ​ដើម្បី​បង្កើត​រោងចក្រ​ផលិត និង​ដំ​ឡើង​គ្រឿងអលង្ការ និង​គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ និង​ប្លា​ស្ទិ​ក ដោយមាន​ទីតាំង​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង​បង្កើត​ការងារ​បាន៤៣៤​កន្លែង​។​
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានលើកឡើងដោយសុទិដ្ឋិនិយមថា ថ្មីៗ​នេះ​កម្ពុជា​ទាក់​​ទាញ​ការវិនិយោគ​ថ្មីៗ​ជាច្រើន​ក្នុង​វិស័យ​ផ្សេងៗ​ក្រៅពី​វិស័យ​កាត់ដេរ ដែល​វា​នឹង​នាំមក​នូវ​បច្ចេកវិទ្យា និង​ជំនាញ​ថ្មីៗ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​។​
​លោក​ថ្លែងថា​ “វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ ​សម្រាប់​ប្រទេស​យើង​ជុំវិញ​ការបង្កើត​រោងចក្រ​គ្រឿង ​អលង្ការ​ថ្មី​ក្រៅពី​កាត់ដេរ​”។ លោកបន្ថែមថា “ខ្ញុំ​សង្កេតឃើញថា ថ្មីៗ​នេះ​យើង​ទាក់ទាញ​បានការ​វិនិយោគ​ថ្មីៗ​ជាច្រើន រួមទាំង​រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត រោងចក្រ​កែច្នៃ​ក​សិ​កម្ម និង​រោងចក្រ​កែច្នៃ​គ្រឿង​​អលង្ការ ដែលមាន​ភាព​វិជ្ជមាន​ខ្លាំង ​ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋ​កិច្ច​របស់​យើង”

ក្រសួង​រ៉ែ និង​ថាមពលបានលើកឡើងកាលពី​ថ្ងៃទី​ ១១ ខែមិថុនាកន្លងមកថា ​កម្ពុជា​ផលិត​បាន​ដុំ​មាស៦,៧២៧,៧០​ គីឡូក្រាម​ ដែលមាន​គុណភាព៩០ភាគ​រយ​ តាមរយៈ​ក្រុមហ៊ុន Renai-ssance Minerals (Cambodia) Ltd បន្ទាប់ពី​ក្រុមហ៊ុន​បានចាប់ផ្តើម ​ដំណើរការ​ចម្រាញ់​ក្នុង​រយៈពេល​ជិត៣ឆ្នាំ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here