រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងពិនិត្យកម្មវិធីផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសរយៈពេល១០ឆ្នាំឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មានវៀតណាម VNEpress កាលពីថ្ងៃទី២ ខែកក្កដា បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី គ្រោងនឹងពិនិត្យឡើងវិញ នូវកម្មវិធីទិដ្ឋាការរយៈពេល១០ឆ្នាំរបស់ខ្លួន នៅក្នុងរយៈពេលពីរខែខាងមុខនេះ។

រដ្ឋមន្ត្រីម៉ាឡេស៊ីបានអះអាងថា វាអាចចំណាយពេលរហូតដល់ទៅ៨សប្តាហ៍ ដើម្បីទទួលបានការយល់ព្រមពីរដ្ឋាភិបាល មុនពេលលក្ខខណ្ឌចុងក្រោយ លើកម្មវិធី Malaysia My Second Home អាចត្រូវបានបញ្ចប់សព្វគ្រប់។កម្មវិធីទិដ្ឋាការ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០២ អនុញ្ញាតឱ្យជនបរទេស អាចស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរហូតដល់ទៅ១០ឆ្នាំ។

កាលពីខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹង ដោយតម្រូវឱ្យអ្នកដាក់ពាក្យសុំ ផ្តល់នូវភស្តុតាងបញ្ជាក់ ទ្រព្យសកម្មរបស់ពួកគេ ចំនួន១,៥លានរីងហ្គីត (៣៣៨.០០០ដុល្លារអាមេរិក) និងភស្តុតាងប្រាក់ចំណូលប្រចាំខែអប្បបរមាចំនួន៤០.០០០រីងហ្គីត។

ទ្រព្យសកម្មរាវ ឬ Liquid assets គឺជាទ្រព្យដែលអ្នកអាចបម្លែងទៅជាសាច់ប្រាក់បានងាយស្រួល ក្នុងរយៈពេលខ្លី (លក់ប្ដូរយកលុយ) ដោយមិនខាតបង់ ឬខាតតែបន្តិចបន្តួច។ឧទាហរណ៍ដូចជា លុយក្នុងកុងធនាគារ បណ្ណបំណុល ឬភាគហ៊ុន ។ល។ ដែលសុទ្ធសឹងតែអាចប្តូរ ទៅជាលុយបានងាយស្រួល និងក្នុងរយៈពេលខ្លី។កាលពីមុន បេក្ខជនដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅ គ្រាន់តែតម្រូវឱ្យមានប្រាក់សន្សំ ចន្លោះពី៣០០.០០០រីងហ្គីត និង៥០០.០០០រីងហ្គីតតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ សមាគម និងអ្នកជំនាញជាច្រើន បានអំពាវនាវឱ្យ   រដ្ឋាភិបាលម៉ាឡេស៊ី ដោះស្រាយបញ្ហាក្នុងកម្មវិធីទិដ្ឋាការ រយៈពេល១០ឆ្នាំរបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីជួយបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងជំរុញទីផ្សារលំនៅដ្ឋានដែលបាននៅទ្រឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here