សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនAlibaba

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនពាណិជ្ជ កម្មអេឡិចត្រូនិកយក្សរបស់ប្រទេសចិនAlibaba ដើម្បីបើកទីផ្សារអង្ករកម្ពុជា នៅលើវេទិកា Alibaba

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានមានប្រសាសន៍ថា អនុប្រធានCRF លោកយន់ ហុង បានជួបពិភាក្សាជាមួយលោកChhay Meng អ្នកគ្រប់គ្រងប្រតិបត្តិការរបស់ Alibaba ប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនេះ។លោកបានមានប្រសាសន៍ថា “កិច្ចពិភាក្សានេះ ផ្តោតលើការនាំចេញ និងទីផ្សារអង្ករកម្ពុជានៅលើវេទិកា Alibaba ដែលជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ល្បីល្បាញនៅក្នុងប្រទេសចិន និងហាងពាក់ព័ន្ធនានារបស់Alibaba ហើយយើង​នឹង​ធ្វើការ​រួមគ្នា ​ដើម្បី​ផ្សព្វ ផ្សាយ​អង្ករ​កម្ពុជា​ឱ្យ​បានទូលំទូលាយ​ដល់​អតិថិជនចិន​”។​ទន្ទឹមគ្នានេះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​កម្ពុជា។

CRF បានអះអាងថា កម្ពុជាបាននាំចេញអង្ករចំនួន១១៨.០៤១តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតប្រាក់ចំណូល បាន៧៧,៤លានដុល្លារអាមេរិក ដោយបន្ថែមថា ទីផ្សាររបស់ប្រទេសចិន រួមចំណែក៤២ភាគរយ នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា។

លោកឧកញ៉ាចាន់ សុខឃាំងប្រធាន CRF បានលើកឡើងកាលពីពេលថ្មីៗនេះថា  ប្រទេសចិនគឺជាទីផ្សារដ៏ធំ សម្រាប់អង្ករកម្ពុជា ហើយសហព័ន្ធ នឹងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំ ទៅកាន់ប្រទេសចិន អាចកើនដល់៤០០.០០០តោនក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here