ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គា បានថ្លែងថា ទីផ្សារក្នុងស្រុកហាក់មានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែទីផ្សារបរទេសបានងើបឡើងវិញ។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៥ កក្កដាថា ទាំងតម្រូវការទិញលក់ ការជួល មានសញ្ញាប្រសើរឡើង សម្រាប់ទីផ្សារជនបរទេស ប៉ុន្តែទីផ្សារក្នុងស្រុកហាក់ស្ថិតនៅទ្រឹង តែយ៉ាងណាយើងរំពឹងថា អ្វីៗនឹងមានសភាពប្រសើរឡើងនៅក្រោយការបោះឆ្នោត។
លោកបន្តថា “ទីផ្សារនេះនៅតែមានសុទិដ្ឋិនិយម សម្រាប់ពេលអនាគត ទាំងតម្រូវការទិញស្នាក់នៅ ទិញទុកវិនិយោគ និងការជួលយកផលចំណេញ”។
-->
លោកខន គង្គា បានបន្តដោយលើកឡើងថា ការវិនិយោគនៅពេលនេះ ជារឿងល្អបំផុតដោយសារកត្តាមួយចំនួនដូចជា ទី១ តម្លៃខុនដូធ្លាក់ចុះ ដែលអ្នកទិញមានជម្រើសច្រើនជាងមុន ទី២ លក្ខខ័ណ្ឌបង់ប្រាក់មានសភាពអំណោយផលខ្ពស់ ទី៣ អ្នកទិញដឹងពីគំរោងអភិវឌ្ឍន៍ច្បាស់លាស់ថា តើអ្នកណាជាអ្នកអភិវឌ្ឍន៍ ដែលមានភាពរ៉ឹងមាំពិតប្រាកដ និងទី៤ លទ្ឋភាពនៃការចចារបានតម្លៃល្អ និងអាចជ្រើសរើសទៅតាំងបានល្អ ស្របពេលស្ថានភាពនេះបាននិងកំពុងចម្រោះឲ្យឃើញគំរោងល្អ សម្រាប់អ្នកទិញទុកវិនិយោគ ឬជួលយកប្រាក់ប្រចាំខែ។លោកបន្តថា “ផលចំណេញពីវិនិយោគខុនដូនៅកម្ពុជា មានអត្រាចន្លោះពី១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ”៕
