រោងចក្រអ៊ីដ្រូសែនបៃតងធំបំផុតក្នុងលោកក្នុងទីក្រុងNEOMតម្លៃ៥០០ពាន់លានដុល្លារចាប់ផ្ដើមសាងសង់ហើយ

0

ដោយៈ តែម សុខុម

រីយ៉ាដ: រោងចក្រថាមពលអ៊ីដ្រូសែនបៃតង ដ៏ធំបំផុតរបស់ពិភពលោក ស្ថិតក្នុងគម្រោងទីក្រុងឆ្លាតវៃ តម្លៃ៥០០ពាន់លានដុល្លារអាមេរិក នៃប្រទេសអារ៉ាប៊ីសាអូឌីត បានឈានចូលដំណាក់កាលសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា។

តាមរយៈសេចក្តីថ្លែងការណ៍ ទៅកាន់ផ្សារហ៊ុនអារ៉ាប៊ីសាអូឌីត Tadawul ក្រុមហ៊ុន ACWA Power បញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន NEOM Green Hydrogen Co បានចេញសេចក្តីជូនដំណឹងអំពីការ ចាប់ផ្ដើមដំណើរការការងារវិស្វកម្ម លទ្ធកម្ម និងការសាងសង់ដែលត្រូវបានអនុម័តរួចហើយ។ក្រុមហ៊ុន ACWA Power បានបន្ថែមទៀតថា ការរួមចំណែករបស់ខ្លួនចំនួន៣០០លានដុល្លារ សម្រាប់ការជូនដំណឹងឱ្យចាប់ផ្ដើមដំណើរការការងារនេះ នឹងក្លាយជាផ្នែកមួយ នៃការរួមចំណែកសមធម៌របស់ខ្លួនដល់គម្រោងនេះ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា កិច្ចព្រមព្រៀងគម្រោងទាំងអស់ ត្រូវបានចុះហត្ថលេខារួចហើយ ហើយបណ្ដាដៃគូក៏បានយល់ព្រមគ្រប់គ្រងហានិភ័យ នៃការអនុវត្តការងារទាក់ទិននឹងកិច្ចសន្យា EPC រួចហើយដែរ។

កាលពីខែឧសភា ក្រុមហ៊ុន NGHC បានចុះហត្ថលេខាលើឯកសារហិរញ្ញវត្ថុជាមួយធនាគារក្នុងស្រុក ធនាគារថ្នាក់តំបន់ និងធនា​គារអន្តរជាតិអន្តរជាតិ ព្រមទាំងក្រុមហ៊ុនវិនិយោគសរុបចំនួន២៣ ដើម្បីសាងសង់រោងចក្រអ៊ីដ្រូសែនបៃតង ក្នុងតម្លៃវិនិយោគសរុបចំនួន៨,៤ពាន់លានដុល្លារខាងលើនេះ។

NGHC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ ACWA Power, Air Products និង NEOM។នៅពេលសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦ រោងចក្រខាងលើនេះត្រូវបានរំពឹងថា នឹងផលិតអ៊ីដ្រូសែន គ្មានកាបូនបានរហូតដល់ទៅ៦០០តោនក្នុងមួយថ្ងៃ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here