ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាមានប្រមាណ៩០០០លានដុល្លារ ខណៈអាមេរិកជាទីផ្សារនាំចេញលំដាប់លេខ១

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ កម្ពុជាសម្រេចការនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសនានា ក្នុងពិភពលោកបានក្នុងទំហំទឹកប្រាក់ ប្រមាណ៩ ១៨៣លានដុល្លារ នារយៈពេល៥ខែមកនេះ​នៃឆ្នាំ២០២៣។​ ក្នុងនោះ​ សហរដ្ឋអាមេរិក គឺជាទីផ្សារឈរនៅលំដាប់ទី១របស់កម្ពុជា ខណៈស្ថិតប្រទេសចិន គឺស្ថិតនៅលំដាប់ទី៣។

​យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣​ កម្ពុជានាំទំនិញទៅកាន់ផ្សារសហរដ្ឋអាមេរិក មានទំហំជិត ៣ ១៩៨លាន​ដុល្លារ។ នេះទីផ្សារធំបំផុតរបស់កម្ពុជា ស្ថិតក្នុងលំដាប់ទី១។

លំដាប់ពី២នោះ ជាទីផ្សារប្រទេសវៀតណាម ​មានទំហំនាំចេញជាង១៣២៣​លានដុល្លារ និងលំដាប់លេខ៣ គឺជាប្រទេសចិនដែលមានទំហំនាំចេញជិត៥៨៩លានដុល្លារ។

ផ្អែកលើស្ថិតិដដែល សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា​។ ទំនិញដែលត្រូវនាំចេញទៅប្រទេសនេះ មានសម្លៀកបំពាក់ កាបូបដៃ និងស្បែកជើង​ ជាដើម។​

កាលពីថ្ងៃទី៥កក្កដា ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក W.Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក ​ប្រចាំ​កម្ពុជា បានប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិ​បត្តិការ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគទុន និងបង្កើត​ឱកាស​ការងារ​បន្ថែមទៀត ​រវាង​ប្រទេស​ទាំងពីរ។

នាជំនួបនោះ លោកឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ បានសម្តែងនូវការពេញចិត្តនូវគម្រោង ដែលមានកាន់តែប្រសើរនៅកម្ពុជា ក្នុងការជំរុញឱ្យការបញ្ជទិញ ពីទីផ្សារអាមេរិកកាន់តែច្រើន។ លោកបានបញ្ជាក់ថា  កំណើនេះ គឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់​ ស្បែកជើង។

កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា -សហអាមេរិកសម្រេចបានទំហំ៩២៨១លានដុល្លារ ដែលក្នុងនោះមានការនាំចេញមាន៨៩៦៨លានដុល្លារ។​ ទំនិញប្រភេទសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលមានកម្ពុជា នាំចេញទីផ្សារអាមេរិកមាន២២០០លានដុល្លារ, គ្រឿងប្រដាប់ប្រដា សម្រាប់ធ្វើដំណើរ​កាបូបដៃមានទំហំទឹកប្រាក់១៤៤១លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមាន១ ២៩៦លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំគឺមាន៩៦២លានដុល្លារ ​និងសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទំហំ៥៧០លានដុល្លារ។

ចំណែកទំហំដែលកម្ពុជា​នាំចូលពីអាមេរិក ក្នុងឆ្នាំ២០២២វិញ គឺមានយានយន្ត​ក្រៅអយស្ន័យយាន ឬអយរអគ្គិសនីក្នុងទំហំទឹកប្រាក់ ១១៣លានដុល្លារ កាកសំណល់ពីឧស្សាហកម្មម្ហូបអាហារមាន៣៦លានដុល្លារ ម៉ាស៊ីន និងបរិធានមេកានិក សម្ភារៈអគ្គិសនីមាន២៣លានដុល្លារ, ឧបករណ៍ និងបរិធានអុកទិកសម្រាប់វេជ្ជ ឬការវះកាត់មាន១៤ដុល្លារ និងផលិតឱសថ មាន៧លានដុល្លារ។​ នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here