ដោយ: គង់ លាងហួរ
គូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី កំពុងស្វែងរកក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់រវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ក្រោយពីគម្រោងដែលមានតម្លៃ រាប់ពាន់លានដុល្លារនេះត្រូវបានលុបចោលកាលពីជាង២ឆ្នាំមុន។
កាលពីឆ្នាំ២០២១ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានលុបចោលផែនការសាងសង់ផ្លូវដែក ប្រវែង៣៥០គីឡូម៉ែត្រនេះ បន្ទាប់ពីភាគីទាំង២ មិនបានឯកភាពគ្នាទៅលើការផ្លាស់ប្តូរ ដែលត្រូវបានស្នើឡើងជាច្រើនចំពោះគម្រោងនេះ។
នៅពេលនោះ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល១៧ពាន់លានដុល្លារ។ ជាក់ស្តែង បណ្តាក្រុមហ៊ុនមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ក៏ធ្លាប់បានសម្តែងចំណាប់អារម្មណ៍លើកិច្ចសន្យា ដើម្បីសាងសង់ ធ្វើប្រតិបត្តិការ និងផ្តល់ហិរញ្ញប្បទានដល់រថភ្លើងផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ក្រុមហ៊ុន MyHSR Corp ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ី និងទទួលខុសត្រូវលើគម្រោងនេះ បានអំពាវនាវឱ្យវិស័យឯកជន បានដាក់សំណើដើម្បីអភិវឌ្ឍ និងដំណើរការគម្រោង តាមរយៈគំរូភាពជាដៃគូសាធារណៈ និងឯកជន។
ដំណើរការនេះគឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការធ្វើឱ្យគម្រោងអាចដំណើរការឡើងវិញ តាមរយៈយន្តការផ្តល់មូលនិធិថ្មី និងគំរូនៃការអនុវត្តថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។
ទាក់ទិនទៅនឹងរឿងខាងលើនេះដែរ ក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕