ដោយៈ គង់ សូរិយា
ស្វាយរៀងៈ ស្របពេលផ្លូវល្បឿនលឿន បានបើកការដ្ឋានសាងសង់ ទីផ្សារអចលនទ្រព្យនៅក្រុងបាវិត បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ។ជាទីក្រុងមួយស្ថិត ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០២៥ ២០២៥ ជាមួយទីក្រុង២ទៀត ក្រុងបាវិតបានទាក់ទាញការវិនិយោគ លើវិស័យឧស្សាហកម្ម កាស៊ីណូ និងសំណង់លំនៅដ្ឋាននានាផងដែរ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co,Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី១២ កក្កដា ក្នុងដំណើរមកពីសិក្សាស្វែងយល់ ពីសក្តានុពលក្រុងបាវិតថា ទីផ្សារអចលនទ្រព្យក្នុងក្រុងបាវិត ចាប់ផ្តើមមានសញ្ញាប្រសើរឡើង ប៉ុន្តែមិនទាន់មានភាពសកម្មនៅឡើយទេ ធៀបនឹងក្រុងប៉ោយប៉ែតដែលមានសភាពមមាញឹកជាង។ លោកស្រីបន្តថា “ខ្ញុំទទួលបានព៌តមានថា អ្នកវិនិយោគចិននឹងចាប់ផ្តើមសកម្មភាពរបស់ពួកគេ និងចាប់ផ្តើមចូលមកកម្ពុជាកាន់តែច្រើនក្រោយការបោះឆ្នោត”។ លោកស្រីបន្តថា “ទោះជាយ៉ាងណាប្រសិនជាមានបញ្ហាពិភពលោក ធ្ងន់ធ្ងរណាមួយកើតមានឡើង យើងពិតជាមិនអាចព្យាករណ៍បាននោះទេ”។
លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពទីផ្សារអចលនទ្រព្យមានភាពប្រសើរនៅតាមតំបន់ជាយក្រុង ដោយសកម្មភាពទិញលក់នៅតែកើតមាន ហើយយើងរំពឹងថា អ្វីៗនឹងប្រសើរឡើងនៅក្រោយការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី”។
ជាមួយគ្នានេះ លោកទេព បញ្ញានាយកប្រតិបត្តិក្រុមហ៊ុនElites Estate Co, Ltdបានលើកឡើងផងដែរថា ច្បាស់ណាស់ក្រុងបាវិតនឹងបន្តរីកចម្រើន និងទាក់ទាញការវិនិយោគនាពេលអនាគត បន្ថែមទៀត ដោយសារតែទីតាំងភូមិសាស្រ្តអំណោយផល ការវិនិយោគហេដ្ឋាតរចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលផ្លូវល្បឿនលឿនបញ្ចប់ នឹងធ្វើឲ្យការតភ្ជាប់ជាមួយសហគមន៍អាស៊ាន ពិសេសប្រទេសវៀតណាម កាន់តែប្រសើរឡើង។
លោកបន្តថា “តម្លៃដីធ្លីនឹងកំរើកឡើងវិញ និងបានចាប់ផ្តើមមានសញ្ញាប្រសើរលើការទិញលក់ នៅតាមចំណុចសំខាន់នានារបស់ទីក្រុងនេះ”។
ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយជាច្រើនលានដុល្លារអាមេរិក ដើម្បីជួយលើកកំពស់ស្តង់ដាអនាម័យ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្រុងបាវិត ដែលគំរោងនេះបាននិងកំពុងដំណើរការ៕