ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារអចលនទ្រព្យ JLL បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន របស់ទីក្រុងហុងកុងមិនទាន់ធ្លាក់ដល់កម្រិតទាបបំផុតនៅឡើយទេ ហើយផ្លូវឆ្ពោះទៅរកការងើបឡើងវិញនឹងត្រូវការរយៈពេលយូរ និងពិបាក។
បញ្ហានេះបានាបណ្តាលមកពីការកើនឡើង នៃអត្រាការប្រាក់ដ៏ខ្ពស់ យូនីតលំនៅដ្ឋានថ្មីៗជាច្រើន ដែលលក់មិនទាន់ដាច់ និងកង្វះអំណាចនៃការទិញពីសំណាក់អតិថិជនចិន។ទីភ្នាក់ងារ JLL បានឱ្យដឹងក្នុងរបាយការណ៍ទីផ្សារអចលនទ្រព្យពាក់កណ្តាលឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា មានកត្តាជាច្រើន ដូចជា ការប្រែប្រួលលើទីផ្សារភាគហ៊ុន បរិយាកាសសេដ្ឋកិច្ចខាងក្រៅដែលមានការប្រកួតប្រជែង ការថយចុះនៃការកើតថ្មី និងការរៀបការ ក៏កំពុងជះផលប៉ះពាល់ ទៅដល់តម្រូវការលំនៅដ្ឋានផងដែរ។
ទីភ្នាក់ងារ JLL បានបន្តថា តម្លៃផ្ទះនៅទីក្រុងហុងកុង បានធ្លាក់ចុះ១,២ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ បន្ទាប់ពីស្ទុះងើបឡើងវិញ៤ភាគរយ នៅក្នុងត្រីមាសទីមួយ និងបានដាំក្បាលចុះ១៥,៩ភាគរយ បើធៀបនឹងកម្រិតកំពូលបំផុតមួយកាលពី២០ខែមុន។
ទីភ្នាក់ងារ JLL បានធ្វើការព្យាករថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងធ្លាក់ចុះពី៥ទៅ១០ភាគរយ នៅក្នុងឆមាសទីពីរ ដែលបណ្តាលឱ្យតម្លៃផ្ទះនឹងធ្លាក់ចុះសរុបចន្លោះពី៥ ទៅ៨ភាគរយនៅក្នុងឆ្នាំ២០២៣នេះ។
របាយការណ៍ដដែលបានបន្ថែមថា ចំនួនយូនីត ដែលលក់មិនទាន់ដាច់ ស្ថិតក្នុងគម្រោងដែលបានសាងសង់បញ្ចប់ គឺមានកម្រិតខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០០៧។ លើសពីនេះ លំនៅដ្ឋានប្រហែល២៥.០០០យូនីត បន្ថែមទៀតត្រូវបានគេរំពឹងថា នឹងវាយលុកចូលទីផ្សារនៅឆ្នាំនេះផងដែរ។
លោក Joseph Tsang ប្រធានក្រុមហ៊ុន JLL ក្នុងទីក្រុងហុងកុងបានលើកឡើងថា “ផ្អែកលើការសង្កេតពីវដ្តមុន លក្ខខណ្ឌបច្ចុប្បន្នមិនអាចធានាឱ្យមានការងើបឡើងវិញ នៃតម្លៃផ្ទះប្រកបដោយនិរន្តរភាពនោះទេ ខណៈបញ្ហាជាច្រើនកំពុងហ៊ុមព័ទ្ធ ទៅលើវិស័យនេះ ហើយវដ្តនៃការធ្លាក់ចុះបច្ចុប្បន្ន នឹងបន្តចំណាយរយៈពេលវែងបន្តទៀត”៕