ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុត របស់ប្រទេសថៃ Thai Airways International បានដាក់ចេញនូវផែនការពង្រីកចំនួនយន្តហោះរបស់ខ្លួន បន្ទាប់ពីស្វែងរកការការពារការក្ស័យធន នៅឆ្នាំ២០២០ ដោយសារតែការគ្រប់គ្រងគ្មានប្រសិទ្ធភាព និងវិបត្តិជំងឺរាតត្បាត។
យោងតាមបទសម្ភាសន៍របស់កាសែត Nikkei ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនThai Airways International លោក Chai Eamsiri ដែលមានបទពិសោធន៍ជាង៤ទសវត្សរ៍ ក្នុងវិស័យអាកាសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ត្រូវតែរីកចម្រើនជាបន្ទាន់។
លោកបានបន្តថា “យើងត្រូវតែរីកចម្រើន បើមិនដូច្នេះទេ យើងនឹងមិនអាចប្រកួតប្រជែង ជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្សេងៗទៀតបានទេ”។ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបង្កើនចំនួនយន្តហោះរបស់ខ្លួនទ្វេរដង បន្ទាប់ពីបានធ្លាក់ចុះដល់៦៥យន្តហោះ ក្រោមផែនការរៀបចំរចនាសម្ព័ន្ធពីមុនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនឈានចូលដល់ដំណាក់កាលថ្មីមួយនៃការពង្រីកខ្លួន។
លោកបានបន្តថា “យើងធ្វើការបានយ៉ាងល្អប្រសើរ លើជើងហោះហើរឆ្លងទ្វីប ដូចជាអឺរ៉ុប និងអូស្ត្រាលី ប៉ុន្តែយើងត្រូវកែលម្អផ្លូវភាគខាងលិច ដែលលោកចង់សំដៅទៅលើប្រទេសឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន”។






