ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងសុទិដ្ឋិនិយម ដោយរំពឹងថា ទីផ្សារអចលនទ្រព្យ និងសំណង់នឹងងើបឡើងវិញនៅក្រោយការបោះឆ្នោតនាពេលខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី១២ កក្កដាថា ស្ថានភាពបច្ចុប្បន្នហាក់ស្ងប់ស្ងាត់បន្តិច ដោយសារការបោះឆ្នោត ដែលធ្វើឲ្យវិនិយោគិនក្នុងស្រុកទន្ទឹងរង់ចាំមើល បើទោះពួកគេបានដឹងថា កម្ពុជានឹងមិនមានបញ្ហាអ្វីកើតចេញពីការបោះឆ្នោតក្តី។ លោកបន្តថា “ស្ថានភាពនយោបាយ សេដ្ឋកិច្ចមានស្ថេរភាព ហើយយើងបានដឹងថា គណបក្សណានឹងឈ្នះ ប៉ុន្តែការបោះឆ្នោតនៅតែដិតជាប់អារម្មណ៍របស់ប្រជាពលរដ្ឋ”។ លោកបន្តថា “ទោះជាអ្នកក្នុងស្រុកហាក់ស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែអ្នកវិនិយោគអន្តរជាតិនៅតែបន្តសកម្មភាព ជាក់ស្តែងគំរោងខុនដូថ្មីៗជាច្រើន នឹងចាប់ផ្តើមសាងសង់នៅក្រោយការបោះឆ្នោត”។
ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltd បានមានប្រសាសន៍ថា ទីផ្សារកាន់តែមានភាពប្រសើរ ហើយយើងរំពឹងក្រោយការបោះឆ្នោត អ្វីៗនឹងកាន់តែប្រសើរ ព្រោះយើងទទួលបានព៌តមានច្រើនថា អ្នកវិនិយោគចិននឹងវិលត្រលប់មកវិញ។ លោកស្រីបន្តថា “ក្រោយការរៀបចំរដ្ឋាភិបាលថ្មី អ្នកវិនិយោគពួកគេនឹងចាប់ផ្តើមឡើងវិញ ជាមួយសកម្មភាពវិនិយោគ លើកលែងតែវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនមានសភាពកាន់តែធ្ងន់ធ្ងរ”។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ពិតហើយទីផ្សារ ហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារអ្នកវិនិយោគជាតិ អន្តរជាតិរង់ចាំមើលទំនោរក្រោយការបោះឆ្នោត។ លោកស្រីបន្តថា “ពួកគេកំពុងរង់ចាំអ៊ុតមើលការបោះឆ្នោត ពួកគេកំពុងរង់ចាំស្ថានភាពប្រសើរឡើង”។
ចំណែកលោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងរំពឹង និងសង្ឃឹមថាស្ថានភាពនឹងមានសភាពប្រសើរឡើង ក្រោយការបោះឆ្នោតបញ្ចប់ ប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកបែបនេះ រដ្ឋាភិបាលគួរពិចារណាទម្លាក់ទុន ដើម្បីជួយអ្នកនៅក្នុងវិស័យនេះ។លោកបន្តថា “ការអន្តរគមន៍ណាមួយពីរដ្ឋាភិបាល នឹងជួយឲ្យទីផ្សារនេះងើបឡើងលឿន”៕