ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការដ្ឋានសំណង់ចំនួន១០២៣គម្រោង នៅទូទាំងប្រទេសត្រូវបានអនុម័តឱ្យសាងសង់ ក្រោមទុនវិនិយោគសរុប១ ២៨៤,៥លានដុល្លារអាម៉េរិក។
យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនសំណង់ទាំងនេះ គឺស្ថិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ មានការកើនឡើងដល់២២គម្រោង។
-->
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងចំណោមសំណង់ ដែលកំពុងសាងសង់ទាំង១០២៣គម្រោងនេះ គឺមាន៨៩៦គម្រោង ជាប្រភេទសំណង់លំនៅឋាននិងភូមិគ្រឹះ ខណៈសំណង់ពាណិជ្ជកម្មមាន៦១គម្រោង។ ក្រៅពីនេះ មានគំរោងសំណង់ឧស្សាហកម្មមាន៤០គម្រោង, សំណង់សាធារណៈមាន១៥គម្រោង និងសំណង់ទេសចរណ៍មាន១១គម្រោង។
ការសាងសង់សំណង់ទាំងនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សុទ្ធតែមានកំណើនចន្លោះពី៣៦,៤ភាគរយ ដល់៧៤,៣ភាគរយ ផ្ទុយពីសំណង់លំនៅឋាននិងភូមិគ្រឹះ បែរជាធ្លាក់ក្នុងអត្រា២,៧ភាគរយទៅវិញ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។
ដ្បិតការសាងសង់នៅតាមផ្នែកនីមួយៗ មានកំណើនគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា អនុវិស័យសំណង់នេះ អាចសម្រេចបានអត្រាកំណើនទាប ត្រឹម០,៦ភាគរយប៉ុណ្ណោះប្រចាំឆ្នាំ២០២៣ និង២,៤ភាគរយ ក្នុងឆ្នាំ២០២៤។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កំណើនទាបនៃវិស័យនេះ ដោយសារការងើបឡើងយឺត នៃលំហូរវិនិយោគទុនពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ រួមមាន ខុនដូ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ ខណៈការវិនិយោគក្នុងស្រុក នឹងនៅបន្តមានកំណើន ជាពិសេសសម្រាប់លំនៅឋានមានតម្លៃទាប ដោយអត្រានៃការរៀបចំគ្រួសារ និងតម្រូវការលំនៅឋាន នៅតែកើនឡើង។
ជាពិសេស សកម្មភាពសំណង់ បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្ម មួយចំនួន ដូចជា រោងចក្រផលិតកម្ម និងអគារផ្សារទំនើប ជាដើម នឹងក្លាយជានិន្នាការថ្មី ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ដែលនឹងចូលរួមទ្រទ្រង់ ការអភិវឌ្ឍអនុវិស័យសំណង់នេះផងដែរ។
ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នំា២០២៤ របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ លើការវិវត្តនៃអនុវិស័យនេះ ដើម្បីដាក់ចេញគោលនយោបាយ អន្តរាគមន៍ឱ្យបានទាន់ពេល សំដៅបញ្ចៀសហានិភ័យ ដែលអាចកើតមានជាយថាហេតុ ដោយទំនាក់ទំនងខ្លាំងរវាងអនុវិស័យនេះ ជាមួយវិស័យហិរញ្ញវត្ថុ៕