ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាករងខេតត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបង្ហើបឲ្យដឹងថា សណ្ឋាគារលំដាប់ពិភពលោកចំនួនពីរ គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុ នៅត្រីមាសទី៤ ឆ្នាំ ២០២៣។
កាលពីពេលថ្មីៗនេះ លោក ឡុង ឌីម៉ង់ បានជួបថ្នាក់ដឹកនាំសណ្ឋាគារដ៏ធំកម្រិតពិភពលោកចំនួនពីរ ដើម្បីផ្ដល់ព័ត៌មានរួមទាំងទស្សនៈវិស័យ លើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាខេត្តពិសេសគំរូពហុបំណង។
ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានជួបពិភាក្សានាយកចាត់ការទូទៅសណ្ឋាគារ Sofitel Phnom Penh Phokeetra និងអនាគតនាយកចាត់ការទូទៅសណ្ឋាគារ Novotel ដែលនឹងមានវត្តមាននៅខេត្តព្រះសីហនុ ក្នុងត្រីមាសទី៤ឆ្នាំនេះ។លោកអភិបាលរងខេត្តលើកឡើង ពីគោលបំណងចង់ឲ្យមានបណ្ដាញសណ្ឋាគារ លំដាប់ពិភពលោកបែបនេះ មកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន។ លោកបញ្ជាក់ថា ពេលនេះជាពេលវេលាដល់សមស្របបំផុត ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា។






