ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានកំណត់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) ដើម្បីជំរុញការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) របស់ខ្លួន។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ មានប្រសាសន៍ថា កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងចាប់តាំងពីកិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូងបានចូលជាធរមានកាលពីឆ្នាំមុន។
លោកបន្តទៀតថា “មានប្រទេសជាច្រើនស្ថិតនៅក្រោមកិច្ចព្រមព្រៀង RCEPនេះ ហើយជាមួយការអនុគ្រោះពន្ធ យើងរំពឹងថា កម្ពុជានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតចំពោះផលិតផល GFT ពីបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ទាំងនោះ”។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់នាំចេញទំនិញ GFT របស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ការអត្ថាធិប្បាយរបស់លោក លី ឃុនថៃបានកើតឡើង បន្ទាប់ពីកម្ពុជាបានកត់ត្រាការធ្លាក់ចុះស្ទើរតែមួយភាគប្រាំនៃការនាំចេញផលិតផល GFT ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចេញទំនិញ GFT ដែលមានតម្លៃ៥,២៦ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំនេះ ពោលគឺធ្លាក់ចុះ១៨,៧ភាគរយពី៦,៤៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឧស្សាហកម្មទំនិញ GFT គឺជាប្រភពរកប្រាក់ចំណូលពីបរទេសដ៏ធំបំផុតសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល១.១០០កន្លែង និងមានបុគ្គលិកធ្វើការប្រហែល៧៥០.០០០នាក់ ដែលភាគច្រើនជាស្ត្រី។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជាយើង។លោកបានប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអាទិត្យកន្លងទៅថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់ការជំរុញដល់កំណើននៃការនាំចេញរបស់យើងក្នុងរយៈពេលវែង”។
លោក ប៉ែន សុវិជាតិ បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ សម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕






