ក្រុមហ៊ុន Foxconn ប្រកាសបោះទុនវិនិយោគ២៤៦លានដុល្លារ ដើម្បីសាងសង់គម្រោងរោងចក្រថ្មីចំនួន២ នៅវៀតណាម

0

ដោយ: គង់ លាងហួរ
ហាណូយ: កាលពីពេលថ្មីៗនេះ ខេត្ត Quảng Ninh បានទទួលគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxconn ចំនួន២ ដែលមានទុនវិនិយោគសរុបជាង២៤៦លានដុល្លារអាមេរិក។

ក្រុមហ៊ុន Foxconn Singapore Pte Ltd នឹងអនុវត្តគម្រោងចំនួនពីរ គឺរោងចក្រ Foxconn Quảng Ninh FMMV និងរោងចក្រ FECV Foxconn Quảng Ninh។រោងចក្រទាំងពីរមានទីតាំងនៅសួនឧស្សាហកម្ម Sông Khoai ក្នុងតំបន់សេដ្ឋកិច្ចឆ្នេរ Quang Yên នៃខេត្ត Quang Ninh។

ជាក់ស្តែង គម្រោងរោងចក្រ FECV Foxconn Quảng Ninh លាតសន្ធឹងលើផ្ទៃដីទំហំ៦,៣ហិកតា និងមានទុនវិនិយោគសរុបជាង៤,៧ពាន់ពាន់លានដុង (ប្រហែល១៩៧,៨លានដុល្លារអាមេរិក)។ គម្រោងនេះមានទិសដៅបង្កើតរោងចក្រមួយ ដែលមានឯកទេសផ្នែកផលិតកម្ម និងដំឡើងគ្រឿងអគ្គិសនីសម្រាប់រថយន្តអគ្គិសនី។នៅពេលដែលគម្រោង ត្រូវបានសាងសង់បញ្ចប់រួចរាល់នៅក្នុងខែមករា ឆ្នាំ២០២៥ រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារដល់កម្មករប្រហែល១.២០០នាក់។

ទន្ទឹមគ្នានេះ គម្រោងរោងចក្រ FMMV Foxconn Quảng Ninh គ្របដណ្តប់លើផ្ទៃដីទំហំ៤,១ហិកតា និងមានទុនវិនិយោគសរុបប្រហែល១,១ពាន់ពាន់លានដុង (ប្រហែល៤៦,៣លានដុល្លារ)។រោងចក្រនេះត្រូវបានសាងសង់ឡើងដើម្បីផលិតផលិតផល IT និងផលិតផលទំនាក់ទំនង។

ការប្រកាសនាពេលថ្មីៗនេះមានន័យថា ការវិនិយោគសរុបរបស់ក្រុមហ៊ុន Foxconn Group នៅក្នុងខេត្ត Quảng Ninh ឥឡូវនេះ បានពង្រីកដល់គម្រោងចំនួន៣ ដែលមានតម្លៃជាង៣០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here