ដោយៈ គង់ សូរិយា់
ភ្នំពេញៈ លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿន លឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ។
លោកបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្ត របស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើត ឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។លោកបណ្ឌិតសុក ស៊ីផាន់ណា បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
លោកបន្តថា “ការសាងសង់នូវផ្លូវល្បឿនលឿននេះ ក៏ជាការតភ្ជាប់ផងដែរ ទៅនឹងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគោលនយោបាយ ឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់”។ លោកបណ្ឌិតបានចង្អុលបង្ហាញ ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ គួរតែផ្តោតសំខាន់លើបរិវត្តកម្ម ឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។







