ក្រសួងការងារគ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលតូរ្យតន្ត្រីជូនពលរដ្ឋ ឥតគិតថ្លៃនិងផ្តល់ការឧបត្ថម្ភ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោកអ៊ិត សំហេងបាន​ឱ្យដឹងថា លោក​នឹង​រៀបចំដាក់​កម្មវិធីបណ្ដុះបណ្ដាល​ផ្នែកតូរ្យតន្រ្តី ទៅក្នុង​គម្រោង​នៃគោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ​ របស់​រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋ និងយុវជន១,៥លាននាក់ ដែល​រាជរដ្ឋាភិបាល នឹងផ្តល់​ការបណ្តុះបណ្តាល​ដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភ ក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។

ការថ្លែង​បញ្ជាក់​របស់លោក អ៊ិត សំហេង ធ្វើឡើង​ក្នុងកិច្ចប្រជុំ​មួយ​ជាមួយ​ប្រតិភូ សមាគម​អ្នកភ្លេងដឹកនាំដោយលោកម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម កាលពី​ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការ​ក្រសួងការងារ។លោក​លើកឡើង​ថា “សេវាកម្មតូរ្យ​តន្ត្រី​ ក៏មានទីផ្សារ​ការងារ​គួរសមដែរ ខណៈ​នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានា​ក៏ត្រូវការ​សេវាកម្មតូរ្យ​តន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់​ជួយជីវភាព​ផង និង​ចូលរួម​លើកស្ទួយ​ដល់វប្បធម៌ជាតិ​យើងផង”។

នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាក គឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ ដែលពួកគាត់ភាគច្រើន សុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរតន្រ្តី។

លោកបណ្ឌិត អ៊ិត សំហេង បានសំដែងនូវការពេញចិត្ត និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូល ធនធានមនុស្សវ័យចំណាស់ជំនាន់មុន ដែលមានទេពកោសល្យ និងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃ ក្នុងជំនាន់នីមួយៗ ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។លោកលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

លោកបន្តថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡា​ញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួម សម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេង ក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here