ក្រុមហ៊ុន Samsung នាំមុខគេនៅលើទីផ្សារស្មាតហ្វូនសកលលោក

0

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមរបាយការណ៍មួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញស្មាតហ្វូនជាសកលបានដាំក្បាលចុះ១១ភាគរយ នៅត្រីមាសទីពីរធៀបនឹងឆ្នាំមុន ខណៈទីផ្សារបានបន្តប្រឈមមុខនឹងការថយចុះនៃតម្រូវការអ្នកប្រើប្រាស់ ស្របពេលមានភាពមិនច្បាស់លាស់ខាងផ្នែកម៉ាក្រូសេដ្ឋកិច្ច។

ក្រុមហ៊ុនស្រាវជ្រាវទៅលើទីផ្សារ Canalys បានអះអាងថា ការថយចុះនៃតម្រូវការបានជះផលប៉ះពាល់ដល់ក្រុមហ៊ុននាំមុខគេនៅលើទីផ្សារ ដូចជាក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Apple ដែលត្រូវកាត់បន្ថយការលក់ ឬការនាំចេញទៅកាន់អ្នកលក់រាយរបស់ពួកគេ។ក្រុមហ៊ុន Samsung បាននាំមុខគេជាមួយនឹងចំណែកទីផ្សារ២១ភាគរយ តាមពីក្រោយដោយក្រុមហ៊ុន Apple ជាមួយចំណែកទីផ្សារ១៧ភាគរយ ក្រុមហ៊ុន Xiaomi មានចំណែកទីផ្សារ១៣ភាគរយ រីឯក្រុមហ៊ុន OPPO មានចំណែកទីផ្សារ១០ភាគរយ។

របាយការណ៍ដដែលខាងលើបានបន្តថា ខណៈពេលដែលកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ អ្វីៗបានចាប់ផ្តើមប្រសើរឡើងវិញ ជាមួយនឹងសញ្ញាកំណើននៃការវិនិយោគ។

លោក Le Xuan Chiew អ្នកវិភាគប្រចាំក្រុមហ៊ុន Canalys បានមានប្រសាសន៍ថា “ទីផ្សារស្មាតហ្វូនកំពុងបញ្ជូនសញ្ញាដំបូងនៃការងើបឡើងវិញបន្ទាប់ពីដាំក្បាលចុះអស់៦ត្រីមាសជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០២២”។

លើសពីនេះ ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy ដែលអាចបត់បាន នៅសប្តាហ៍ក្រោយនេះ ខណៈក្រុមហ៊ុនមានបំណងជំរុញការលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆមាសទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here